ថៃដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសរហូតដល់ ៣៥លាននាក់

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងកំណត់គោលដៅរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសរហូតដល់ ៩.២លាននាក់មកប្រទេសនៅឆ្នាំ ២០២៤ ដែលស្មើនឹង២៦ភាគរយ នៃគោលដៅស្រូបទាញទេសចរណ៍បរទេសសរុប ៣៥លាននាក់។

លោក ស៊ីរីផាកន ជីសាមុត អភិបាលរងនៃអាជ្ញាធរទេសចរណ៍ (TAT) សម្រាប់ទីផ្សារអន្តរជាតិនៅអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិក បាននិយាយថា អាជ្ញាធរទេសចរណ៍ថៃរំពឹងថា អ្នកទេសចរបរទេសនឹងបង្កើតប្រាក់ចំណូលចំនួន ១.៦២ទ្រីលានបាតសម្រាប់ប្រទេសថៃក្នុងឆ្នាំ២០២៣នេះ រួមទាំង ៦៦០ពាន់លានបាតពីអ្នកធ្វើដំណើរផ្លូវឆ្ងាយ និង ៩៦០ពាន់លានបាតពីភ្ញៀវទេសចរផ្លូវជិត។

ដោយឡែកនៅក្នុងឆ្នាំ ២០២៤ អាជ្ញាធរទេសចរណ៍ថៃរំពឹងថា អ្នកទេសចរបរទេសនឹងបង្កើតប្រាក់ចំណូលចំនួន ១.៩២ទ្រីលានបាតសម្រាប់ប្រទេសថៃ ជាមួយនឹងអ្នកធ្វើដំណើរផ្លូវឆ្ងាយមានចំនួន ៧២១ពាន់លានបាត។ លោក ស៊ីរីផាកន ជីសាមុត បានកត់សម្គាល់ទៀតថា អ្នកទេសចរមកពីអឺរ៉ុប និងអាមេរិកទំនងជាស្នាក់នៅក្នុងប្រទេសថៃយូរជាង និងចំណាយថវិកាច្រើនជាងមិត្តភក្ដិដែលធ្វើដំណើរផ្លូវជិត។

ដោយលើកឡើងពីការស្ទង់មតិលើឥរិយាបថភ្ញៀវទេសចរក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ លោក ជីសាមុត បាននិយាយថា ភ្ញៀវទេសចរមកពីអឺរ៉ុប បានស្នាក់នៅជាមធ្យម ១៩ថ្ងៃ, មជ្ឈិមបូព៌ា ១៦ថ្ងៃ និងអាមេរិក ១៥ថ្ងៃ ហើយចំណាយជាមធ្យមមកពីអឺរ៉ុប ៧១,៧១៨បាត, មជ្ឈិមបូព៌ា ៩៩,១៧២បាត និងអាមេរិក ៧៦,២៩៧បាតក្នុងមនុស្សម្នាក់លើការធ្វើដំណើរ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner