អ្នកទៅបោះឆ្នោតជាង ៨៤ភាគរយ និងសម្លេងជាង ៨២ភាគរយគាំទ្រគណបក្សប្រជាជន គឺបង្ហាញពីជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងគណបក្សប្រជាជន
(ភ្នំពេញ)៖ ប្រជាជនកម្ពុជា ជាម្ចាស់អំណាច ជាអ្នកកំណត់វាសនាអនាគតប្រទេសជាតិ ជាអ្នកជ្រើសរើសមេដឹកនាំរបស់ខ្លួន។ កម្ពុជាបានរៀបចំបោះឆ្នោតជាទៀងទាត់ ពោលគឺរៀងរាល់ ៥ឆ្នាំម្តង ដោយបានកំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីទុកពេលវេលាឱ្យគណបក្សនយោបាយផ្សេងទៀតរៀបចំខ្លួនក្នុងការចូលរួមបោះឆ្នោតបានល្អ។ នេះជាការបញ្ជាក់ពីសំណាក់ ឯក ឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា“ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នាទីស្នាក់ ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។
ឯកឧត្តម កែវ រ៉េមី បន្តថា៖ ”យើងបានរៀបចំបោះឆ្នោតចាប់ពីឆ្នាំ ១៩៩៣មកមានរយៈពេល ៦លើកមកហើយ ការរៀបចំពោះបោះឆ្នោតរបស់យើងល្អប្រសើរពុំមានការបោះឆ្នោតណាមួយអាក្រក់ទទួលយកមិនបានឡើយ។ សម្រាប់ឆ្នាំ ២០២៣នេះមានអ្នកទៅបោះឆ្នោតជាង៨៤ភាគរយដែលចំនួននេះគឺលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសសហរដ្ឋអាមេរិក ដែលជាប្រទេសគេចាត់ទុកថាមានលិទ្ធិប្រជាធិបតេយ្យនោះមានតែចំនួន ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះក្នុងចំនួនអ្នកបោះឆ្នោតទូទាំងប្រទេស។
ក្នុងនេះដែរ ពលរដ្ឋកម្ពុជា ៨២ភាគរយ បានគាំទ្រគណបក្សប្រជាជន គឺគាំទ្របេក្ខជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេន ។
ទាក់ទិនទៅនឹងការបោះឆ្នោតនេះដែរ មានការរិះគន់ពីប្រទេសលោកខាងលិចមួយចំនួននោះត្រូវបាន ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា៖ បើគេក្រឡេកមើលប្រទេសទាំងនោះគេឃើញថាពុំមានអ្វីប្រសើរជាងកម្ពុជានោះឡើយ។ ចំពោះអ្នកនយោបាយវិញ ប្រទេសខ្លះមានការរើសអើងខ្លាំងណាស់ មានការនិយមបក្សពួក និយមខ្សែស្រឡាយថែមទៀត។ មាត់គេថាប្រជាធិបតេយ្យតែតាមពិតអត់ទេ។សូម្បីតែចូលសាលាល្បីៗក៏ខ្សែស្រឡាយដែរ។ ការរិះគន់របស់ពួកគេគេគ្រាន់តែបញ្ចេញមកឱ្យតែបានសម្លេង ប៉ុន្តែគេក៏ដឹងដែរថាដំណើរការគាំទ្រភ្លូកទឹកភ្លូកដីលើគណបក្សប្រជាជនកម្ពុជាកន្លេងមកនេះគួរតែដឹងពីអ្វីការពិតហើយដែរ។មកដល់នេះការរិះគន់របស់ពួកគេពុំមានភស្តុតាងអ្វីមកសំអាងសោះឡើយ ។
គួរបញ្ជាក់ថា បើយោងតាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅ បោះឆ្នោតសរុបមានចំនួន ៨២១៣២៦០នាក់ ស្មើនឹង ៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត៩៧១០៦៥៥នាក់ ដែលជាចំនួនមួយកើនឡើង បើធៀបនឹងការបោះឆ្នោតកន្លងមក ៕
អត្ថបទ៖ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ជីម ភារ៉ា