សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំជានាយករដ្ឋមន្ត្រីចូលកាន់តំណែងក្មេងជាងគេ និងកាន់តំណែងយូរជាងគេក្នុងពិភពលោក ហើយបន្ទាប់ទៅ ខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ និងយូរជាងគេក្នុងពិភពលោក ហើយបន្ទាប់ទៅ ខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង ។
តាមបណ្ដាញសង្គមតេលេក្រាមនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក ។
បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ៣៨ឆ្នាំ ៧ខែ និង ៨ថ្ងៃ ត្រូវជា ៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។
សម្ដេចបន្តថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។
ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី ១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។
សម្ដេចតេជោ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕
ដោយ ៖ វណ្ណលុក