នាយករដ្ឋមន្ត្រីជប៉ុនព្រមានពីការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី

តូក្យូ៖ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានព្រមានអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីនិងបានអះអាងសារជាថ្មីថា ជប៉ុននឹងធ្វើយ៉ាងណាដើម្បីជំរុញឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ដែលនេះជាការលើកឡើងនៅក្នុងសុន្ទរកថារំលឹកខួប ៧៨ ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ាពីសំណាក់សហរដ្ឋអាមេរិក។

លោក គីស៊ីដា បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងហ៊ីរ៉ូស៊ីម៉ាថា ៖ «ក្នុងនាមជាប្រទេសតែមួយគត់ដែលបានជួបប្រទះនូវភាពភ័យរន្ធត់នៃការបំផ្លិចបំផ្លាញនុយក្លេអ៊ែរកាលពីសម័យសង្រ្គាម ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដោយមិននឿយហត់ឡើយ ក្នុងជំរុញឱ្យពិភពលោកឆ្ពោះទៅរកភាពគ្មានអាវុធនុយក្លេអ៊ែរ»។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលនៅតែរងគ្រោះដោយសារគ្រាប់បែកបរមាណូ។

លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការគម្រាមកំហែងរបស់រុស្ស៊ី និងមានក្តីបារម្ភផ្សេងទៀតជាច្រើន ដែលកំពុងក្លាយជាឧបសគ្គក្នុងការបន្តដំណើរឆ្ពោះទៅមុខក៏ដោយ វាពិតជាមានសារៈសំខាន់ណាស់ដែលយើងត្រូវបង្វែរការខិតខំប្រឹងប្រែងឆ្ពោះទៅកាន់បេសកកម្មនេះទាំងអស់គ្នា។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្តថា ៖ «ការមិនចុះសម្រុងគ្នានៅក្នុងសហគមន៍អន្តរជាតិជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយរុស្ស៊ី និងបញ្ហាផ្សេងៗទៀតជាច្រើន ឥឡូវនេះវាបានរាំងស្ទះដល់ការបន្តដំណើរកាន់តែពិបាក។ យ៉ាងណាក៏ដោយ ដោយសារតែកាលៈទេសៈទាំងអស់នេះហើយ ដែលយើងត្រូវចាំបាច់ជំរុញសន្ទុះអន្តរជាតិជាថ្មីម្តងទៀត ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»។

លោក គីស៊ីដា ក៏បានលើកឡើងសំដៅទៅកាន់កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានាពេលថ្មីៗនេះ ដែលមេដឹកនាំពិភពលោកបានស្ដាប់ឮពីអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ។ លោកបាននិយាយថា «ចំណុចចាប់ផ្តើមសម្រាប់វឌ្ឍនភាពនេះ គឺការយល់ដឹងអំពីការពិតដ៏សោកសៅដែលទទួលបានពីលទ្ធផលនៃការទម្លាក់គ្រាប់បែកបរមាណូ»។

ថ្មីៗនេះ រុស្ស៊ីបានបង្កើនជំហរនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន និងលោកខាងលិច ដោយបានផ្ទេរអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុសជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៦២។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីពេលថ្មីៗនេះថា «ប្រសិនបើអ៊ុយក្រែនទទួលបានជោគជ័យក្នុងការវាយលុកប្រឆាំងនឹងរុស្ស៊ីដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនវិញ រុស្ស៊ីនឹងត្រូវតែប្រើប្រាស់អាវុធនុយក្លេអ៊ែរ»៕ ប្រែសម្រួល៖ ធា សុណា

ads banner