មន្រ្តីសុខាភិបាលខេត្តព្រះវិហារ អំពាវនាវកុំឱ្យប្រជាពលរដ្ឋចាប់សត្វកំភេមខ្មោច ឬសត្វរលាកភ្លើងមកទទួលទាន

អត្ថបទដោយ៖
CPA

ព្រះវិហារ៖ មន្រ្តីសុខាភិបាលខេត្តព្រះវិហារ អំពាវនាវកុំឱ្យប្រជាពលរដ្ឋចាប់សត្វកំភេមខ្មោច ឬហៅថាសត្វរលាកភ្លើងនិងសត្វល្អិតផ្សេងទៀតដែលមិនស្គាល់មកទទួលទាន បន្ទាប់ពីមនុស្សម្នាក់បានស្លាប់និងមនុស្សម្នាក់ទៀតកំពុងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដោយសារតែការបរិភោគសត្វកំភេមខ្មោច។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ថា មានប្រជាពលរដ្ឋម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដោយសារតែពួកគាត់បរិភោគសត្វកំភេមខ្មោចបណ្ដាលឱ្យពុល ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែសីហាកន្លងទៅនេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកបានបន្តថា ជនរងគ្រោះទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធនិងមានមុខរបរជាអ្នកស៊ីឈ្នួលធ្វើចម្ការឱ្យគេ មានស្រុកកំណើតមកពីខេត្តកំពង់ធំ ។ប្រពន្ធបានបរិភោគសត្វកំភេមខ្មោចប្រហែលជាប្រាំកំភេម និងចំណែកខាងប្ដីបានបរិភោគប្រហែលជាពីរកំភេម។

លោកបានបញ្ជាក់ថា ៖ «ជនរងគ្រោះដែលជាប្រពន្ធបានបរិភោគសត្វកំភេមខ្មោចនេះច្រើន ដែលធ្វើឱ្យគាត់មានអាការៈធ្ងន់ធ្ងរជាងជនរងគ្រោះខាងប្ដី ដែលក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន រហូតដល់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃទី៥ ខែសីហា ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា»។

លោក គួង ឡូ បានបន្ថែមទៀតថា ជនរងគ្រោះជាប្ដី មានអាការៈប៉ះពាល់ដល់តម្រង់នោម ហើយក្រុមគ្រូពេទ្យក៏មិនទាន់ស្រាវជ្រាវដឹងដែរថាតើនៅក្នុងសត្វកំភេមខ្មោចនេះ មានសារធាតុអ្វីដែលធ្វើឱ្យជនរងគ្រោះមិនអាចបញ្ចេញទឹកនោមបាន។ មកដល់ពេលនេះ ជនរងគ្រោះជាប្តីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យជួយសង្គ្រោះដោយការលាងឈាមគាត់ និងស្ថិតក្នុងការតាមដានបន្ត។

លោក គួង ឡូ បញ្ជាក់ថា ៖ «យើងអត់អាចដឹងថាកម្រិតនៃការពុលរបស់គាត់ហ្នឹងវាស្ថិតក្នុងកម្រិតប៉ុន្មាននោះទេ ហើយនៅក្នុងហ្នឹងវាមានសារជាតិអីដែលនាំឱ្យពុល ដែលនាំឱ្យមានបញ្ហាប៉ះពាល់តម្រងនោមហ្នឹង គឺយើងអត់អាចដឹងទេ ពីព្រោះបញ្ហានេះ ត្រូវទាមទារកម្រិតពិសោធន៍ខ្ពស់ ដើម្បីយកទៅវិភាគថាតើនៅក្នុងសត្វកំភេមហ្នឹង វាមានសារជាតិពុលអីខ្លះ?»។

លោកបានបន្តថា ៖ «យើងគឺអត់មានលទ្ធភាពពិសោធន៍នោះទេ គឺយើងមានតែធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋទូទាំងខេត្ត កុំឱ្យគាត់ហូបសត្វកំភេមខ្មោចហ្នឹងតែម្ដង»។

ជាមួយគ្នានេះដែរលោកនិយាយថាខាងមន្ត្រីសុខាភិបាល ក៏បានចុះទៅដល់ទីតាំងជនរងគ្រោះ និងបានណែនាំអប់រំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ រួមទាំងអាជ្ញាធរ ដើម្បីឱ្យពួកគាត់ចុះធ្វើការផ្សព្វផ្សាយបន្តទៀតទៅដល់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះផងដែរ។

លើសពីនេះទៀត ក្រៅពីការណែនាំអប់រំ ផ្សព្វផ្សាយក្នុងមូលដ្ឋាននេះហើយ ខាងមន្ត្រីសុខាភិបាល ក៏បានផ្សព្វផ្សាយទៅកាន់អាជ្ញាធរក្រុង ស្រុកទាំងអស់នៅទូទាំងខេត្តព្រះវិហារ ឱ្យចុះផ្សព្វផ្សាយអប់រំបន្តទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអំពីគ្រោះថ្នាក់នៃសត្វកំភេមខ្មោច។

លោក គួង ឡូ បន្ថែមថា ៖ «យើងសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងបណ្ដាខេត្តផ្សេងទៀត សូមកុំពិសារអ្វីដែលយើងអត់ស្គាល់ មិនថាទាំងសត្វល្អិតនោះទេ សូម្បីតែរុក្ខជាតិ ដែលយើងមិនស្គាល់ មិនដែលដឹង សូមចៀសវាងកុំពិសារ ពីព្រោះទាំងអស់ហ្នឹងវាអាចបណ្ដាលឱ្យយើងមានគ្រោះថ្នាក់ដល់ជីវិត»។

ជនរងគ្រោះជាប្រពន្ធដែលបាត់ជីវិត ឈ្មោះ ខិត រី អាយុ៥៦ឆ្នាំ និងប្តីដែលកំពុងសម្រាកព្យាបាលឈ្មោះ អួន មិន អាយុ៥៨ឆ្នាំ។

សូមរម្លឹកដែរថា ករណីពុលសត្វកំភេមខ្មោចនេះ បានកើតមានឡើងម្តងក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ ដែលបានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតឈឺបន្ទាប់ពីហូបសត្វនេះរួច៕ ដោយ៖ ជា សុខនី

ads banner