ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីកសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖
យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជា ប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន តាមរយៈការងារមនុស្សធម៌ ការលើកកម្ពស់សីលធម៌ សង្គម ការលើកកម្ពស់តម្លៃស្ត្រី និងកុមារ ការកសាងសុភមង្គលនៃគ្រួសារខ្មែរ ដើម្បីចូលរួមចំណែកដល់ការស្ដារ កសាង និងអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហានៃយើង។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេច កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្ដីគោរពដ៏ជ្រាលជ្រៅ និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕ដោយ / គ្រី សម្បត្តិ