អធិការបតីអាល្លឺម៉ង់ជំរុញឱ្យមានកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន
ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់ នៅថ្ងៃទី១៣ ខែសីហានេះ បានសម្តែងការស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតបន្ថែមទៀត។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា វាជារឿងសមហេតុផលសម្រាប់ពួកយើង ក្នុងការបន្តកិច្ចចរចា និងការបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីធ្វើឱ្យពួកគេដឹងថា ខ្លួនបានដើរផ្លូវខុស ហើយត្រូវតែដកទ័ពចេញពីអ៊ុយក្រែន ដើម្បីស្តារសន្តិភាពឡើងវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក សូលស៍ ក៏បានរំលឹកឡើងវិញផងដែរថា ប្រទេសអាល្លឺម៉ង់ឥឡូវនេះ គឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាធំបំផុតទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែចំពោះបញ្ហាបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែន អធិការបតីអាល្លឺម៉ង់រូបនេះនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ។
សូមរម្លឹកថា អ្នកតំណាងមកពីប្រទេសប្រហែល៤០ រួមមានទាំងចិន អាល្លឺម៉ង់ ឥណ្ឌា និងសហរដ្ឋអាមេរិកបានចូលរួមក្នុងការជួបជុំកាលពីចុងសប្តាហ៍មុននៅទីក្រុងជេតដា ទោះបីជារុស្ស៊ីមិនត្រូវបានអញ្ជើញក៏ដោយ។ កិច្ចពិភាក្សាអន្តរជាតិស្រដៀងគ្នានេះ ដើម្បីពិភាក្សាអំពីមាគ៌ាឆ្ពោះទៅរកសន្តិភាព ក៏បានកើតឡើងនៅទីក្រុងកូប៉ិនហាក ក្នុងខែមិថុនា។
ទន្ទឹមគ្នា លោក សូលស៍ បានហៅកិច្ចចរចានៅប្រទេសដាណឺម៉ាក និងអារ៉ាប៊ីសាអូឌីត ដែលធ្វើឡើងក្នុងកម្រិតនៃទីប្រឹក្សាគោលនយោបាយការបរទេសថា “ពិសេសណាស់” និងថា ពួកវាមានសារៈសំខាន់ខ្លាំងណាស់ ហើយពួកវាទើបតែចាប់ផ្តើមប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា