រដ្ឋមន្រ្តីប្រតិភូ៖ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានលើកឡើងថា ទំ​នាក់ទំនងការទូតដែលបានបង្កើត​ជាមិត្តភាព​ដែកថែប​កម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយ​ប្រទេស​ចិន​​បានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ចិន ដឹកនាំដោយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ ប្រធាន​ការិយាល័យ​គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១២ ខែសីហា ​នារាជ​ធានីភ្នំ​ពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។

តាមរយៈ​សេចក្តីប្រកាសព័ត៌មាន ​ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែង​ថា ដំណើរទស្សនកិច្ចមកកម្ពុជារបស់ឯកឧត្តម វ៉ាង យី នាពេលនេះក្នុងគោលដៅពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់​ទំនងនិងកិច្ចសហប្រតិបត្តិការដើម្បីទាញយកផលប្រយោជន៍ទៅ​វិញទៅមកជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ «ទំនាក់ទំនងការទូតដែលបានបង្កើតជាមិត្តភាពដែកថែបនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា»។

ប្រភពដដែល​បានបន្តថា ​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក៏​បានលើកឡើងដែរ​ថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជា​សម្រេចបាន ជាពិសេស គឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។

ឯកឧត្តមបានរំលេចថា សហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួ​ល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌន ការអនុវត្តគំនិតផ្តួ​ចផ្តើម ខ្សែក្រវាត់និងផ្លូវ។

ឯកឧត្តម វ៉ាង យី បានបង្ហាញពីការជឿជាក់ថា ៖ «​ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌគតិយុត្ត សម្រាប់អនុវត្តច្បាប់នេះដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ក៏ដូចការចូលជាធរមាននៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការលើកកម្ព​ស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នឹងជំរុញ​ឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលល្អត្រចះត្រច​ង់បន្ថែមទៀត»។

ចំពោះការថ្លែងឡើងដូចនេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី​១៣ ខែសីហា ថា ភា​ពល្អប្រសើរ​នៃ​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​លើកទឹកចិត្ត​អ្នក​វិ​និ​យោគ និង​ទេសចរ​ចិន​ឱ្យ​ចាប់​អារម្មណ៍ និង​ចូ​ល​មក​បណ្តាក់​ទុន ព្រមទាំង​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។

អ្នកឧកញ៉ាបានបញ្ជាក់ថា ​៖ «​ចំនួន​ក្រុមហ៊ុន​/​សហគ្រាស​ចិន​ដែល​បើក​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើន​ជា​លំដាប់ និង​មាន​ស្ទើរ​គ្រ​ប់​វិស័យ​។ ​កំណើន​នៃ​ការ​មកដល់​របស់​វិនិយោគិន​ចិន គឺ​ដោយសារ​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ដោ​យពេល​នេះ​បាន​កើត​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​មិត្ត​ដែក​ថែប​ ទៅជា​កិច្ច​សហប្រតិបត្តិ​​ការ​ត្បូង​ពេជ្រ​»​។​

បើតាម​អ្នកឧកញ៉ា លឹម ហេង វិស័យ​សក្តានុពល​ដែល​វិនិយោគិន​ចិន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ភាគច្រើន​រួមមាន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​, វាយ​ន​ភណ្ឌ​, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ធនធាន​រ៉ែ និង​គ្រឿង​បង្គុំ​អគ្គិ​ស​នី​អេឡិចត្រូនិក ជាដើម​។​

សូមរម្លឹកថា កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនទូទាត់ធំជាងគេនៅប្រទេសចិន Union Pay និងធនាគារជាតិនៃកម្ពុជា ​បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយ​ទេសចរចិនអាចធ្វើការទូទាត់តាមរយៈ KHQR នៅគ្រប់កន្លែងនៅកម្ពុជា ហើយទេសចរកម្ពុជាទៅប្រទេសចិនក៏អាចប្រើ KHQR ដើម្បីទូទាត់លើគ្រប់ QR របស់្រកុមហ៊ុន Union Pay រួមទាំងក្រុមហ៊ុន Wechat និងAliPay ផងដែរ។

កាលណោះ លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ៖ «​ចំណុចសំខាន់អ្នកលក់ស្រុកខ្មែរត្រូវមាន KHQR ទទួលប្រាក់រៀល ហើយអ្នកចង់ចាយស្រួលនៅចិន ក៏ត្រូវមានគណនីសន្សំជាប្រាក់រៀល ទើបធ្វើប្រតិបត្តិការនេះបាន។ នេះជាវិធានការមួយដើម្បីលើកម្ពស់ការប្រើប្រាស់ប្រាក់រៀលយើង»។

​បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ កន្លងមក CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុន​វិ​និ​យោគ​ផ្ទាល់​មកពី​ប្រទេស​ចិន​មាន​រហូតដល់ ៤២ ​ភាគរយ​នៃ​ការវិនិយោគ​សរុប ឬ​ប្រមាណ ៩០,៥​ ភាគរយ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​។

ក្នុង​ឆ្នាំ ២០២៣ គិត​ត្រឹម​ខែមេសា គម្រោង​វិនិយោគ​សរុប​មាន​ចំនួន ៦៥ ​គម្រោង ដែល​ទុនវិនិយោគ​ប្រមាណ ៥៨៨​ លា​ន​ដុល្លារ។ ក្នុងនោះ​ទុនវិនិយោគ​ផ្ទាល់​ពី​ប្រ​ទេស​ចិន មាន​ច្រើនជាងគេ​គឺ​រហូតដល់ ៦០ ​ភាគរយ​នៃ​ការវិនិយោគ​សរុប ឬ​ប្រមា​ណ ៧៣,៥​ភាគរយ ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​៕

ដោយ៖វណ្ណ សុជាតា

ads banner