លោក គីម ជុងអ៊ុន ស្តីបន្ទោសមន្រ្តីខ្លួន ជុំវិញការខូចខាតដោយសារខ្យល់ព្យុះ

ព្យុងយ៉ាង៖ ប្រមុខដឹកនាំកូរ៉េខាងជើងបានស្តីបន្ទោសមន្ត្រីរបស់ខ្លួនថា ខ្វះការទទួលខុសត្រូវ ក្នុងការឆ្លើយតប និងការពារការខូចខាតបង្កឡើងពីព្យុះត្រូពិច ដែលបានបោកបក់កាត់ឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន។

ព្យុះត្រូពិចខានុន ដែលបានវាយលុកប្រទេសជប៉ុន មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ បានរំកិលឆ្លងកាត់ប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងមកលើភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា នៅពេលចុះទស្សនកិច្ចដីស្រែលិចទឹកនៅតំបន់ Anbyon ភាគខាងកើតនៃប្រទេស មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា តំបន់នេះបានទទួលរងការខូតខាតធ្ងន់ធ្ងរជាងតំបន់ផ្សេងទៀត ដោយសារមន្រ្តីក្នុងតំបន់ខ្វះការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានទៅទស្សនាបណ្តារោងចក្រយោធាសំខាន់ៗ រួមមានរោងចក្រផលិតមីស៊ីលផងដែរ។ បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក គីម បានសម្តែងការពេញចិត្តចំពោះការផ្តោតការងាររបស់រោងចក្រនេះ លើផលិតកម្មមីស៊ីល និងការពង្រីកសមត្ថភាពផលិតកម្ម ក្នុងពេលលោកចុះត្រួតពិនិត្យទីតាំងរោងចក្រកាលពីសប្តាហ៍មុន។

លោក គីម ក៏បានបង្ហាញគោលដៅសំខាន់មួយ ដើម្បីធ្វើឱ្យប្រសើរឡើងផលិតកម្មមីស៊ីល, សរសើរដំណើរការល្អនៃគ្រាប់កាំភ្លើងផ្លោង និងរថពាសដែក។ នេះគឺជាដំណើរចុះត្រួតពិនិត្យរោងចក្រយោធាចុងក្រោយមួយ ក្នុងចំណោមដំណើរទស្សនកិច្ចជាបន្តបន្ទាប់ ហើយលោក គីម តែងសង្កត់ធ្ងន់លើផលិតកម្មសព្វាវុធទ្រង់ទ្រាយធំ ចំពេលអាមេរិកចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner