ចិន និងថៃ គ្រោងធ្វើសមយុទ្ធយោធារួមគ្នា

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា ចិន និងថៃគ្រោងធ្វើសមយុទ្ធយោធារួមគ្នា គិតចាប់ពីពាក់កណ្តាលខែសីហា រហូតដល់ដើមខែកញ្ញាខាងមុខ នៅក្នុងប្រទេសថៃ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានបញ្ជាក់ថា សមយុទ្ធរវាងកងទ័ពអាកាសចិន និងថៃ មានឈ្មោះថា Falcon Strike-2023។ ការហ្វឹកហ្វឺនរវាងកងទ័ពទាំងពីរនឹងផ្តោតលើការប្រឆាំងភេរវកម្ម និងជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរវាងយោធាទាំងពីរ។

ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធារួមគ្នា ដែលមានរយៈពេល ២១ថ្ងៃនៅក្នុងប្រទេសថៃនេះ កងទ័ពមកពីប្រទេសទាំងពីរនឹងហាត់ហ្វឹកហ្វឺនមុខវិជ្ជាមួយចំនួន ក្នុងនោះរួមមានការគាំទ្រផ្លូវអាកាស, ការវាយប្រហារលើដី, ការការពារដែនអាកាសរួមគ្នា និងការដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ ដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធ និងប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការហ្វឹកហាត់ក្រោមស្តង់ដារប្រយុទ្ធជាក់ស្តែង, ការបង្កើនសមាមាត្រនៃការប្រយុទ្ធតាមផ្លូវអាកាសដោយសេរី, ការប្រឈមមុខគ្នានៅពេលយប់ និងការប្រយុទ្ធជាប្រព័ន្ធ ដែលជាផ្នែកនៃការធ្វើសមយុទ្ធ។

សូមរម្លឹកថា ចិន និងថៃក៏ទើបបានបញ្ចប់សមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែលធ្វើឡើងនៅក្នុងប្រទេសថៃកាលពីខែមុនផងដែរ ដែលមានយន្តហោះទំនើបៗមកពីភាគីទាំងសងខាងចូលរួម ដោយអ្នកជំនាញបាននិយាយថា សមយុទ្ធនេះបានបង្កើនសមត្ថភាពប្រយុទ្ធ និងប្រតិបត្តិការរួមគ្នានៃកងកម្លាំងផ្លូវអាកាសរបស់ប្រទេសទាំងពីរ ជាមួយនឹងការចែករំលែកបទពិសោធន៍ ដែលមានតម្លៃសម្រាប់គ្នាទៅវិញទៅមក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner