រុស្ស៊ីងាកទៅរកវិធីសាស្ត្រថ្មីក្នុងការបង្កប់ចារកម្ម និងភ្នាក់ងារក្រៅផ្លូវការ

មូស្គូ៖ ប្តីប្រពន្ធជនជាតិអាហ្សង់ទីនមួយគូដែលកំពុងរស់នៅក្នុងប្រទេសស្លូវេនី និងអ្នកថតរូបជនជាតិម៉ិកស៊ិក​សញ្ជា​តិក្រិកម្នាក់ ដែលកំពុងប្រកបរបរបើកហាងអំបោះនៅទីក្រុងអាថែន ព្រមទាំងជនជាតិប៊ុលហ្គារីបីនាក់ ត្រូវបានចាប់ខ្លួននៅអង់គ្លេស។

គួរកត់សម្គាល់ថា​ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប៉ូលិស និងសន្តិសុខនៅទូទាំងពិភពលោក បានចោ​ទ​ប្រកាន់មនុស្សជាច្រើនដែលរស់នៅក្នុងជីវិតសាមញ្ញ និងដែលគ្មានកំហុស ថាជាភ្នាក់ងារស៊ើបការណ៍ស​ម្ងា​ត់របស់រុស្ស៊ី។

បន្ថែមលើនេះ​ មនុស្សជាច្រើនទៀតត្រូវបានចោទប្រកាន់ពីបទបញ្ជូនព័ត៌មានទៅឱ្យ​រុស្ស៊ី សូម្បីតែសន្តិសុខនៅស្ថានទូតអង់គ្លេសនៅទីក្រុងប៊ែរឡាំង ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ។ មនុស្សរាប់សិបនាក់ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការស៊ើបការណ៍សម្ងាត់ឱ្យ​រុស្ស៊ី។

ដោយឡែក​ ជនជាតិប៊ុលហ្គារីបីនាក់ ក្នុងចំណោមមនុស្សទាំងប្រាំនាក់ដែលត្រូវបានឃុំខ្លួនកាលពីខែកុម្ភៈ នៅតែមិនទាន់មានព័ត៌មានអំពីពួកគេច្បាស់លាស់នៅឡើយ​ទេ ដោយគ្រាន់តែដឹងថា ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់ ប៉ុន្តែតុលាការ​នឹងបើកដំណើរការរឿងក្ដីរបស់ពួកគេនៅ​ខែ​មករា​។ ពួកគេ​នៅ​មិន​ទាន់​ចូល​បំភ្លឺ​នៅ​ឡើយទេ ហើយ​អាជ្ញាធរ​អង់គ្លេសក៏​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ជា​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​នោះដែរ។

ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមបើកការវាយលុកប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ទីក្រុងម៉ូស្គូ បានងាកទៅរកវិធីសាស្រ្តចារកម្មច្រើនជាងមុន ហើយភាគច្រើនចារកម្មរបស់រុស្ស៊ីត្រូវបានដាក់នៅក្រោមការបិទបាំងក្នុងស្ថានទូតនៅអឺរ៉ុប​។​ យ៉ាងណាមិញ​ ចារកម្មទាំងអស់នោះត្រូវបានបណ្តេញចេញជាបន្តបន្ទាប់។

ជាទូទៅ ភ្នាក់ងារសន្តិសុខសំខាន់ៗទាំងបីរបស់រុស្ស៊ី រួមមាន FSB ក្នុងស្រុក ចារកម្មបរទេស SVR និងចារកម្មយោធា GRU តែងតែបានបំពេញប្រតិបត្តិការរបស់ពួកគេនៅបរទេស ដោយស្ថិតនៅក្រោមការគ្រប់​គ្រ​ង​ដោយស្ថានទូត។ ពួកគេ​ក៏​បាន​ប្រើ​ប្រតិបត្តិការបន្លំធ្វើ​ជា​ពាណិជ្ជករ អ្នកទេសចរ ឬ​អ្នកកាសែត​ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ​ សង្គ្រាម​បាន​ធ្វើ​ឱ្យ​បញ្ហា​ទាំង​អស់​នេះ​កាន់​តែ​លំបាកបន្ថែមទៀត។ យោងតាមមជ្ឈ​មណ្ឌ​លសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប៉ាន់ប្រមាណថា អ្នកការទូតជាង ៤៥០ នាក់ត្រូវបានបណ្តេញចេញពីស្ថានទូតរុស្ស៊ីក្នុងរយៈពេលបីខែដំបូងនៃសង្គ្រាមនៅអ៊ុយក្រែន ដែលភាគច្រើនពួកគេស្ថិតនៅតំបន់អឺរ៉ុប។

មន្ត្រីស៊ើបការណ៍អ៊ឺរ៉ុបម្នាក់បានប្រាប់កាសែត The Guardian ថា ៖ «បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើង ការបណ្តេញចេញទាំងអស់ គឺជាពេលវេលានៃជោគវាសនារបស់ប្រព័ន្ធស៊ើបការណ៍សម្ងាត់រុស្ស៊ី ហើយពួកគេបា​នព្យាយាមជំនួសវាដោយស្វែងរកវិធីសាស្ត្រផ្សេងៗ»។

តំបន់ជាច្រើនដែលរុស្ស៊ីធ្លាប់ប្រើសម្រាប់ប្រតិបត្តិការចារកម្មឈ្លានពានរបស់ខ្លួនត្រូវបានបិទ។ នៅពេលដែលលោក ស៊ាហ្គៃ​ ស្គ្រ៊ីបផាល (Sergei Skripal) ត្រូវបានបំពុលដោយសារធាតុពុលឈ្មោះថា Novichok ក្នុងឆ្នាំ២០១៨ គេរកឃើញថា​ អ្នកបំពុលគឺជាភ្នាក់ងារ GRU ដែលបានប្រើលិខិតឆ្លងដែនរុស្ស៊ី និងដែលប្រើប្រាស់ក្រោមអត្តសញ្ញាណក្លែងក្លាយដើម្បីទទួលបានទិដ្ឋាការអង់គ្លេស។

លើសពីនេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក វាកាន់តែពិបាកសម្រាប់ពលរដ្ឋរុស្ស៊ីក្នុងការទទួលបានទិដ្ឋា​ការសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស និងតំបន់មួយចំនួនទៀត បើទោះបីជា​ពួកគេគ្មានជាប់ពាក់​ព័ន្ធជាមួយចារកម្មយោធា GRU ក៏ដោយ។

ទាំងអស់នេះមានន័យថា រុស្ស៊ីបានងាកទៅរកវិធីសាស្ត្របញ្ជូនចារកម្មសកម្មផ្សេងៗទៀត ដើម្បីធ្វើជាភ្នាក់ងារ និងប្រតិបត្តិករមិនផ្លូវការ។ ទាំងនេះអាចជាជនជាតិប្រទេសទីបី ឬពួកគេអាចជាជនខុសច្បាប់ណាមួយដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការរស់នៅក្នុងប្រទេសមួយ។

យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំកន្លងទៅនេះ យ៉ាងហោចណាស់មានជនខុសច្បាប់ចំនួន ៧ នាក់ដែលត្រូវបានចោទប្រកាន់នៅប្រទេសន័រវេស ប្រេស៊ីល ហូឡង់ ស្លូវេនី និងប្រទេសក្រិក។ អ្នកខ្លះបានរត់គេចខ្លួន ហើយត្រូវបានគេសន្មត់ថាត្រលប់ទៅរស់នៅក្នុងប្រទេសរុស្ស៊ី។ អ្នកផ្សេងទៀតកំពុងស្ថិតក្រោមការចាប់ខ្លួននៅក្នុងបណ្ដាប្រទេសទាំងនោះ៕

ប្រែសម្រួល៖ធា សុណា

ប្រភព​៖​ The Guardian Russia turning to sleeper cells and unofficial agents

ads banner