អង់គ្លេស​ចាប់​ខ្លួន​​ជន​ជាតិ​ប៊ុលហ្គារី​បីនាក់​ ពាក់​ព័ន្ធ​នឹង​​ការ​ស៊ើបការណ៍​សម្ងាត់​ឱ្យ​រុស្ស៊ី​

ឡុងដ៍៖ ប៉ូលិសក្រុង​ឡុងដ៍​​​បាន​និយាយ​ថា​ ខ្លួន​ចាប់​ខ្លួន​ពលរដ្ឋ​ប៊ុលហ្គារី​​​នាក់​​​រស់​នៅ​​ចក្រភព​អង់គ្លេស​កាល​ពី​ខែ​កុម្ភៈ​​  ​​ក្រោម​ការ​សង្ស័យ​នៃ​បទ​ល្មើស​ចារកម្ម​ឱ្យ​រុស្ស៊ី​ ​និង​ការ​កាន់​កាប់​ឯកសារ​អត្ត​សញ្ញាណ​មិន​ពិត​។​

​ប៉ូលិស​ក្រុង​​​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អ្នក​ទាំង​៣​នោះ​ រួម​មាន​លោក​ Orlin Roussev ​អាយុ ​៤៥​ ឆ្នាំ​ លោក​ Bizer Dzhambazov ​អាយុ ​៤២​ ឆ្នាំ​ និង​​នាង​ ​Katrin Ivanova ​អាយុ​ ៣២​ ឆ្នាំ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ចាប់​ខ្លួន​មក​។ ​

បណ្ដាញ​ព័ត៌មាន​អង់គ្លេស​ BBC ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អង់គ្លេស​ផ្សេង​ទៀត​ បាន​រាយការណ៍​ថា​ ​អ្នក​ទាំង​បី​ ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ធ្វើ​ការ​ឱ្យ​សេវា​សន្តិសុខ​រុស្ស៊ី​។​ អ្នក​ទាំង​បី ក៏​រង​ការ​ចោទ​ប្រកាន់​ផង​ដែរ​ថា​ កាន់​កាប់​​ឯកសារ​ក្លែងក្លាយ​​​ ​ក្នុង​​ចំណោម​​ឯកសារ​​សម្គាល់​​អត្ត​សញ្ញាណ​​ចំនួន​ ៣៤ ​ដែល​ពួក​គេ​មាន​។ ​

BBC ​បាន​រាយការណ៍​ថា​ ឯកសារ​ទាំង​នោះ​​​​រួម​​មាន​លិខិត​ឆ្លង​ដែន ​និង​អត្តសញ្ញាណ​ប័ណ្ណ​ មាន​​មក​​ពី​ចក្រ​ភព​អង់គ្លេស ​ប៊ុលហ្គារី ​បារាំង ​អ៊ីតាលី ​អេស្ប៉ាញ ​ក្រូអាត ​ស្លូវេនី ​ក្រិក ​និង​សាធារណ​រដ្ឋ​ឆេក​។​​ BBC បន្ត​ថា​ អ្នក​ទាំង​៣​ ត្រូវ​បាន​​ឃុំ​ខ្លួន​ដោយ​អង្គភាព​ស៊ើប​អង្កេត​ប្រឆាំង​ភេរវកម្ម​ ​នៃ​ប៉ូលិស​ក្រុង​ឡុងដ៍​ ​ដែល​ធ្វើ​ការ​លើ​​បញ្ហា​ចារកម្ម​ ហើយ​នឹង​ត្រូវ​ឆ្លើយ​សំណួរ​ប៉ូលិស​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​​ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​។

បើ​តាម​គេហ​ទំព័រ​ព័ត៌មាន​អនឡាញ​ Balkan Insight ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៣​នាក់​ មាន​ប្រវត្តិ​ទាក់​ទង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ ហើយ​ពី​មុន​មាន​តួនាទី​ជា​ទីប្រឹក្សា​នៅ​ក្រសួង​ថាមពល​ប៊ុលហ្គារី​​​ពី​​ឆ្នាំ​ ២០០៨-២០០៩ ពោល​គឺ​​នៅ​​ចន្លោះ​ឆ្នាំ​ ​ដែល​​​ក្រសួង​ថាមពល​ប៊ុលហ្គារី​​ដឹក​នាំ​ដោយ​រដ្ឋ​មន្រ្តី​ដែល​គាំទ្រ​រុស្ស៊ី​។ ​

​គេហ​ទំព័រ​ព័ត៌មាន​ដដែល​ បាន​រាយការណ៍​ថា​ ក្រសួង​ថាមពល​​ប៊ុលហ្គារី​​បាន​រង​ឥទ្ធិពល​ពី​រុស្ស៊ី​ ​​​ខណៈ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​​​នយោបាយ​ប៊ុលហ្គារី​ «​ជាប្រ​ធាន​បទ​ក្តៅ​​យូរ​មក​ហើយ​»​។ Balkan Insight ​បាន​បន្ថែម​ថា​ អ្នក​ការ​ទូត​រុស្ស៊ី​ជាង​ ១០០​ នាក់​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ប៊ុលហ្គារី​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ ហើយ​ជន​ជាតិ​ប៊ុលហ្គារី​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សហការ​លើ​ការណ៍​ទាំង​នោះ​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Three Bulgarians arrested in UK linked to suspected Russian espionage  

ads banner