សភាពាណិជ្ជកម្មថៃ ចុះសិក្សាស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា
ភ្នំពេញ៖ សភាពាណិជ្ជកម្មថៃ បានចុះមកសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជាដើម្បីជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ប្រភពក្រសួងពាណិជ្ជកម្មគណៈប្រតិភូសភាពាណិជ្ជកម្មថៃដែលដឹកនាំដោយ លោក វូរ៉ារ៉ាត តានទីមង្គលស៊ុក(Voratat Tantimongkolsuk )តំណាងសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម»។

លោកបានបន្តថា ៖ «លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ»។
នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការស្វាគមន៍ជូនចំពោះគណៈសភាពាណិជ្ជកម្មថៃ ដែលបានមកកាន់កម្ពុជានាពេលនេះ ខណៈលោកថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក។
ឯកឧត្តមបន្តថា ៖ «កម្ពុជាបានទាក់ទាញវិនិយោគជាច្រើន ជាពិសេសពីប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ហើយយើងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា»។

ឆ្លៀតពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម ដែលនេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។
ជុំវិញរឿងនេះដែរអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា វត្តមានរបស់សភាពាណិជ្ជកម្មថៃមកកាន់កម្ពុជា ភ្លាមបន្ទាប់ពីការបោះឆ្នោត គឺជាសញ្ញាល្អដែលរដ្ឋាភិបាល រក្សាបាននូវស្ថេរភាពនយោបាយ សុវត្ថិភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈប្រទេសថៃក៏ជាប្រទេសដែលស្ថិតនៅក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ានជាមួយគ្នា។
លោកបានប្រាប់ថា ៖ «នេះជាឱកាសល្អដែលប្រទេសថៃ បានចុះមកសិក្សាពីលទ្ធភាពវិនយោគនៅកម្ពុជា ហេតុនេះអ្វីដែលយើងគួរត្រៀម និងធ្វើឱ្យកាន់តែប្រសើរជាងនេះ គឺចាំបាច់ត្រូវតែធ្វើការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងរបស់យើងបន្ថែមទៀត ខណៈកម្ពុជាមានច្បាប់វិនិយោគថ្មី និងធ្វើកំណែទម្រង់រដ្ឋបាលសារធារណៈមួយចំនួនទៀត ដើម្បីទាញកំណើនវិយោគមកកាន់កម្ពុជា»។
យ៉ាងណាមិញអ្នកឧកញ៉ា លឹម ហេង ក៏បានជំរុញឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គួររៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយថៃឱ្យបានលឿន ដើម្បីជៀសវាងផលប៉ះពាល់ដល់ភាគីទាំងពីរ ទាំងប្រជាពលរដ្ឋ ពាណិជ្ជករ និងការចរាចរទំនិញនានាតាមព្រំដែន។

លោកជឿថា បើកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយថៃ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រទេសទាំងកាន់តែរីកចំរើនឡើង។
យោងតាមក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤,៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក។ សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៩ ពាន់លានដុល្លារអាមេរិក។
តាមរយៈជំនួបពិភាក្សានាពេលនេះដែរ ភាគីកម្ពុជា បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈកម្ពុជា ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕

ដោយ៖បូរ ពេជ្យហ្សាលីន