កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង១ពាន់នាក់ (Video Inside)
ជនបរទេសដែលធ្វើការ និងរស់នៅដោយខុសច្បាប់ចំនួនជាង១ពាន់នាក់ ត្រូវបានបណ្តេញពីកម្ពុជាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។
ការបណ្តេញនេះ ត្រូវបានលើកឡើងដោយអគ្គនាយករដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក្នុងពិធីមួយ នៃការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល។
លោក គៀត ចន្ទថារិទ្ធ បានថ្លែងថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ មានជនបរទេសចំនួន១ពាន់៣៨នាក់មកពី ២៦ សញ្ជាតិ ដែលបានមកធ្វើការនៅកម្ពុជា ដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា។
ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញទាំងនោះ គឺមានជនជាតិចិនច្រើន ជាងគេ គឺមានចំនួន៥៤៩នាក់, ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់, ជនជាតិវៀតណាមចំនួន ១២៩នាក់, ថៃចំនួន២៦នាក់, ម៉ាឡេស៊ី២៥នាក់ និងជនបរទេសផ្សេងៗទៀត ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តអំពើល្មើសច្បាប់។