ប្រធានាធិបតីកាហ្សាក់ស្ថាននឹងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម

ហាណូយ៖ ប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នឹងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាម លើកដំបូង របស់ប្រធានាធិបតីកាហ្សាក់ស្ថាន ក្នុងរយៈពេល ១២ ឆ្នាំ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា លោក Tokaev បានចូលកាន់តំណែង កាលពីឆ្នាំ២០១៩ ហើយដំបូងឡើយ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែមិថុនា ប៉ុន្តែគម្រោងការធ្វើដំណើររបស់លោកត្រូវពន្យារពេលដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Abay របស់ប្រទេសកាហ្សាក់ស្ថាន។

វៀតណាម និងកាហ្សាក់ស្ថានបានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៩២។ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (V-EAEU FTA) បានចូលជាធរមាន ក្នុងឆ្នាំ២០១៦ ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកាហ្សាក់ស្ថានបានកើនឡើងប្រហែល ២៨% ជារៀងរាល់ឆ្នាំ បានឈានដល់ ៦០០ លានដុល្លារ នៅឆ្នាំ ២០២២ ។ ឥឡូវនេះប្រទេសទាំងពីរមានគោលបំណង ជំរុញទំហំពាណិជ្ជកម្ម ឱ្យឈានដល់ ១,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។

កាហ្សាក់ស្ថានមាន គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនប្រាំ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥០ម៉ឺន ដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ទូរគមនាគមន៍ និងការលក់រាយ។ ភ្ញៀវទេសចរប្រហែល ១ម៉ឺននាក់ធ្វើដំណើរពីកាហ្សាក់ស្ថាន ទៅវៀតណាម ក្នុងមួយឆ្នាំៗ ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner