ធ្លាក់យន្តហោះធុនស្រាលមកលើផ្លូវជាតិ ស្លាប់មនុស្ស១០នាក់ នៅម៉ាឡេស៊ី
គូឡាឡាំពួ៖ មេប៉ូលីសក្នុងតំបន់បាននិយាយថា យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់ទៅលើផ្លូវថ្នល់មួយកន្លែង ក្នុងរដ្ឋ Selangor ភាគកណ្តាលរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយបានសម្លាប់មនុស្ស៨នាក់ នៅលើយន្តហោះ និងអ្នកបើកបរពីរនាក់ទៀត ដែលកំពុងបើកបរនៅលើផ្លូវ។
លោក Mohamad Iqbal Ibrahim មេប៉ូលីស ក្នុងរដ្ឋ Langkawi បានប្រាប់ថា៖ «សម្រាប់ពេលនេះ ខ្ញុំអាចនិយាយបានថា មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនេះ»។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួនប្រាំមួយនាក់ និងក្រុមអាកាសយានិកពីរនាក់បាននៅលើយន្តហោះ បានវត្តមាននៅលើយន្តហោះដែលបានធ្លាក់ ទោះបីជាវាមិនបានបញ្ជាក់អំពីអ្នកស្លាប់និងរបួសក៏ដោយ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេស (CAAM) បាននិយាយទៀតថា ជើងហោះហើរនេះបានចាកចេញពីប្រជុំកោះសម្រាកលំហែ Langkawi ហើយពេលកំពុងធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន Sultan Abdul Aziz Shah ស្ថិតក្នុងរដ្ឋ Selangor ក្បែររដ្ឋធានី Kuala Lumpur ក៏ជួបហេតុការណ៍អាក្រក់តែម្តង។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលក៏បាននិយាយផងដែរថា ការស៊ើបអង្កេតសុវត្ថិភាពនឹងត្រូវចាប់ផ្តើមបន្ទាប់ពីកើតមានឧបទ្ទវហេតុនេះឡើង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត