ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប ថ្កោលទោសកូរ៉េខាងជើងចំពោះការរំលោភសិទ្ធិមនុស្ស
អ.ស.ប៖ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី ថ្កោលទោសកូរ៉េខាងជើងចំពោះការរំលោភសិទ្ធិមនុស្ស
ដោយបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងជើងប្រព្រឹត្តអំពើឃោរឃៅ និងការគាបសង្កត់ នៅក្នុងទឹកដីរបស់ខ្លួន។
លោកស្រី Linda Thomas-Greenfield បានថ្លែងបែបនេះ ក្នុងពេលដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាងបានពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
នៅចំពោះមុខអ្នកការទូតមកពីជាង ៥០ ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្កោលទោស តាមរយៈសេចក្តីថ្លែងការណ៍រួមមួយថា “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន” ដែលលោកស្រីបាននិយាយថា “មានទំនាក់ទំនង ជាមួយនឹងអាវុធប្រល័យលោក និងការអភិវឌ្ឍមីស៊ីលផ្លោងរបស់កូរ៉េខាងជើង” ។
លោកស្រីបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសប្រទេសកូរ៉េខាងជើងចំពោះការរំលោភសិទ្ធិមនុស្ស និងការចំណាយយ៉ាងច្រើនលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលប្រជាជនរបស់ខ្លួនស្រេកឃ្លាន និងខ្វះខាតសម្ភារៈចាំបាច់។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាថា «ការគ្រប់គ្រងផ្តាច់ការគាបសង្កត់របស់គីម ជុង អ៊ុន” ធានាថា របបនេះអាចចំណាយធនធានរដ្ឋ ក្នុងការអភិវឌ្ឍអាវុធប្រល័យលោកខុសច្បាប់ ជាកម្មវិធីដោយគ្មានការជំទាស់ជាសាធារណៈ នៅកូរ៉េខាងជើង»។
លោកស្រី បានគូសបញ្ជាក់ថា «ម៉ាស៊ីនសង្រ្គាម» របស់ទីក្រុងព្យុងយ៉ាង ដែល «ដំណើរការដោយការគាបសង្កត់ និងភាពឃោរឃៅ គឺជាបញ្ហានៃសន្តិភាព និងសន្តិសុខអន្តរជាតិដែលមិនអាចប្រកែកបាន។ លោកស្រីបាននិយាយថា នោះហើយជាមូលហេតុដែលសហរដ្ឋអាមេរិក ជប៉ុន និងអាល់បានី បានស្នើសុំកិច្ចប្រជុំដ៏យូរអង្វែង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត