ស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជា រៀបចំកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូប ករណ៍ ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។
ឆ្នាំនេះ និស្សិតកម្ពុជាចំនួន ២៨ នាក់ (អនុបណ្ឌិត ២៧ នាក់ បណ្ឌិត ១ នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។
កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយ ឧត្តមសិក្សា នៅឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជា ដែលជាប់អាហារូបករណ៍ថ្នាក់ អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន អញ្ជើញចូលរួមក្នុងកម្មវិធីនេះបានអបអរសាទរចំពោះនិស្សិត ដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភ ដោយ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ហើយតាមរយៈកម្មវិធីអាហារូបករណ៍ ថ្នាក់ក្រោយ ឧត្តមសិក្សានេះ លោករំពឹងថាពួកគេនឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ហើយ ដោយផ្អែកលើចំណុចទាំងនេះ ពួកគេនឹងបំពេញការ ងារយ៉ាង សកម្ម ទៅ ថ្ងៃ អនាគត។
កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានគោលបំណងជំរុញការផ្លាស់ប្តូរការអប់រំជាអន្តរជាតិ និងលើកកម្ពស់មិត្តភាពរវាងប្រទេសនានា ដោយការផ្តល់ឱកាសឱ្យនិស្សិតបរទេសបានសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។
កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានថ្នាក់បរិញ្ញាបត្រ(GKS-U) និងថ្នាក់ ក្រោយ ឧត្តមសិក្សា(GKS-G) ហើយអត្ថប្រយោជន៍ផ្សេងៗជាច្រើន ត្រូវបានផ្តល់ជូនដល់និស្សិត អាហារូបករណ៍ ដែលជាប់ រួមមាន សំបុត្រយន្តហោះទៅមក ថ្លៃបណ្តុះបណ្តាលភាសាកូរ៉េ ថ្លៃសិក្សា ថ្លៃធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និង ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ ជាដើម។
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលកន្លងមកនេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍ប្រហែល ៣០០ នាក់ពីព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានរៀបចំកម្មវិធីចួបជុំអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការកសាង បណ្តាញទំនាក់ទំនង រវាងអតីតនិស្សិត ដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ហើយកំពុងបំពេញ ការងារក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាល ធុរកិច្ច និងការអប់រំជាដើម បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ៕
ដោយ ង៉ាន់ ទិត្យ