ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”ឆ្នាំ២០២៣-២០២៤ ត្រូវបានប្រកាសឱ្យអនុវត្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ចេញនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យ​ទេសចរណ៍”ឆ្នាំ២០២៣-២០២៤ ជាផ្លូវការដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងខាងលើថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវចលនាប្រឡងប្រណាំង“បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”ឆ្នាំ២០២៣-២០២៤នេះ  គឺសំដៅជំរុញនិងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ លើកកម្ពស់ធនធានមនុស្សដែលមានជំនាញ គុណភាព និងប្រសិទ្ធភាពខ្ពស់។លោក​បានបន្តថា៖«ការប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យ​ទេសចរណ៍”នេះ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ នឹងចូលរួមបង្កើនដល់ការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុកភាពសម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ»។


ជុំវិញរឿងនេះ ​លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា បាន​គាំទ្រ​ឱ្យ​មាន​ការអនុវត្តនូវចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» ព្រោះចលនានេះ ពិតជាបានពញ្ញាក់ស្មារតីប្រតិបត្តិករទេសចរណ៍ទាំងអស់កុំឱ្យភ្លេចពីការពង្រឹងគុណភាព និងសេវាកម្មរបស់ពួកគាត់ក្រោយវិបត្តិកូវីដ១៩។ លោកស្រីបានរំលេចថា ចលនានេះ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យ​ទេសចរណ៍ តាមរយៈការពង្រឹងសមត្ថភាពប្រតិបត្តិករកម្ពុជាឱ្យកាន់តែមានស្តង់ដារកម្រិតតំបន់។

លោកស្រីបន្តថា៖« ដើម្បីឱ្យការប្រកួតប្រជែងចលនានេះមានប្រសិទ្ធភាព សូមឱ្យក្រសួងទេសចរណ៍ពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រតិបត្តិករទូទាំងប្រទេសបានចូលរួមប្រឡងប្រណាំងទាំងអស់គ្នា។ ហើយការវាយតម្លៃនិងការដាក់ពិន្ទុនានាត្រូវតែមានសុក្រឹត្យភាព និងតម្លាភាព ពិសេសក៏ត្រូវមានការលើកទឹកចិត្ត និងគាំទ្រណាមួយដល់អ្នកដែលទទួលបានជ័យលាភីពីការប្រឡងប្រណាំងនេះ ដើម្បីដំណើរការលើកក្រោយកាន់តែមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្លាំងឡើង»។

​បើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ចំពោះយន្តការនៃការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍នេះ គឺនឹងធ្វើឡើងផ្អែកលើការវាយតម្លៃរបស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិលើសេវាបដិសណ្ឋារកិច្ចដែលផ្តល់ដោយប្រតិបត្តិករទេសចរណ៍ខណៈប្រតិបត្តិករទេសចរណ៍ តម្រូវឱ្យដាក់ពាក្យចូលរួមប្រឡងប្រណាំង ។ទន្ទឹមគ្នានេះ ចលនាប្រឡងប្រណាំងនេះ ក៏ត្រូវវាយតម្លៃដោយផ្អែកលើការពេញចិត្ត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទទួលសេវាផ្ទាល់ពីមូលដ្ឋានអាជីវកម្មទេសចរណ៍តែប៉ុណ្ណោះ។

ក្រសួងបានបញ្ជាក់ថា ចំពោះដំណើរការនៃការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍នេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំដោយចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញា ឆ្នាំ២០២៣ និង ដំណាក់កាលទី២ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអាចចូលរួមការវាយតម្លៃ (Vote) ដោយផ្ទាល់ ឬតាមប្រព័ន្ធវាយតម្លៃអនឡាញ។ ចំណែកដំណាក់កាលទី៣ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”តែម្តង៕ អត្ថបទ៖ បូរ ពេជ្យហ្សាលីន

ads banner