ហួវៃបើកដំណើរការកម្មវិធី “គ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៣” នៅកម្ពុជា

ភ្នំពេញ៖ Seeds for the Future ឬ “គ្រាប់ពូជដើម្បីអនាគត” គឺជាកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម ដែលហៅកាត់ថា (CSR) ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោករបស់ក្រុមហ៊ុនហួវៃ ហើយគំនិតផ្តួចផ្តើម CSR បានដំណើរការយូរជាងគេនៅទូទាំងពិភពលោក។

ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធី “គ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២៣” លោក Sovann Yao នាយកប្រតិបត្តិក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា កម្មវិធីនេះស្វែងរកការអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក, ចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងពីវិស័យព័ត៌មានវិទ្យា (ICT) ក៏ដូចជាជំរុញការកសាងសហគមន៍ឌីជីថល។ លោក Sovann Yao បន្តថា ថ្ងៃនេះ យើងរីករាយណាស់ដែលបានប្រមូលផ្តុំគ្នានៅទីនេះម្តងទៀត ជាមួយនឹងក្រុមទី៧ នៃគ្រាប់ពូជកម្ពុជាដើម្បីអនាគត និងអតីតនិស្សិតគ្រាប់ពូជរបស់យើងពីវគ្គមុនៗ។ ខ្ញុំមានមោទនភាពក្នុងការនិយាយថា គ្រាប់ពូជ ១៣០នាក់ ដែលយើងបានជួយបណ្តុះបណ្តាលបានដុះលូតលាស់ទៅជាដើមឈើធំ ហើយក្លាយជាសមាជិកដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ICT។ បន្ទាប់ពីកម្មវិធីនេះចាប់ផ្តើមជាផ្លូវការ លោក Sovann Yao សង្ឃឹមថា ក្នុងរយៈពេល ៨ថ្ងៃនៃការបណ្តុះបណ្តាលខាងមុខ អ្នកទាំងអស់គ្នានឹងអាចយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យា ICT ចុងក្រោយបង្អស់, ការកសាងភាពជាអ្នកដឹកនាំ, ការច្នៃប្រឌិត និងការងារជាក្រុម នៅក្នុងការប្រកួតប្រជែង Tech4Good ដើម្បីបង្ហាញពីទេពកោសល្យ និងភាពរីករាយរបស់អ្នកគ្រប់គ្នា។

ការប្រកួតប្រជែងដ៏មានតម្លៃបំផុតនេះ នឹងផ្តល់ជាចំណេះដឹង រួមទាំងបទពិសោធន៍ដល់អ្នកចូលរួម ហើយលោកជឿជាក់ថា ការប្រកួតប្រជែងនាពេលខាងមុខនេះ គឺជាការបង្ហាញពីភាពខ្លាំងនៃសមាជិកក្រុមនីមួយៗ។ លោកនាយកប្រតិបត្តិបន្ថែមថា នៅក្រុមហ៊ុនហួវៃ យើងជឿជាក់ថា គន្លឹះក្នុងការធ្វើឱ្យប្រទេសជាតិមានសភាពស្រស់ថ្លាឡើងវិញ ជាពិសេសនៅក្នុងវិស័យអប់រំ និងបច្ចេកវិទ្យាចុងក្រោយបង្អស់។ នាឱកាសនោះដែរ លោក Chen Yuhong ប្រធាននាយកដ្ឋានរដ្ឋបាលរបស់ក្រុមហ៊ុនហួវៃ ក៏បានធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធនឹងសេវាកម្ម និងបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ក្រុមហ៊ុនហូវៃជូនដល់ក្រុមទី៧ នៃគ្រាប់ពូជកម្ពុជាផងដែរ។ បើតាមលោក Sovann Yao ក្រុមហ៊ុនហួវៃមានក្តីរីករាយក្នុងការចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅនៃ “យុទ្ធសាស្ត្រចតុកោណ” ក៏ដូចជា “ស៊ុមគោលនយោបាយឌីជីថលកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា ២០២១-២០៣៥” ដោយផ្អែកលើសមត្ថភាពច្នៃប្រឌិតឈានមុខគេនៅលើពិភពលោក និងការអនុវត្តល្អបំផុតរបស់យើង។ បន្ថែមលើនេះ ក្រុមហ៊ុនហួវៃក៏ផ្តល់តម្លៃដល់ការសាងសង់ខ្សែសង្វាក់អេកូឡូស៊ីដែលមានទេពកោសល្យ។ ហើយយើងនឹងបន្តផ្តល់នូវវេទិកាសម្រាប់ការបណ្តុះទេពកោសល្យ ICT ដែលជាការរួមចំណែកត្រលប់មកសង្គមកម្ពុជាវិញ ជាមួយនឹងគោលការណ៍នៅប្រទេសកម្ពុជា ដើម្បីប្រទេសកម្ពុជា ឬ “In Cambodia, for Cambodia”។

សូមរម្លឹកថា កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុនហួវៃ បានបើកដំណើរការលើកដំបូងនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០០៨ ហើយគិតមកទល់ពេលបច្ចុប្បន្ននេះ មានប្រទេសចូលរួមក្នុងកម្មវិធីនេះប្រមាណ១៣៩ប្រទេស ក្នុងនោះសិស្ស-និសិត្សច្រើនជាង១៥,០០០នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធី។ កម្មវិធីដ៏មានគុណតម្លៃនេះដែរ ក៏ទទួលបាននូវការគាំទ្រពីមន្រ្តីជាន់ខ្ពស់ និងប្រមុខរដ្ឋច្រើនជាង ៤៥០ប្រទេស ព្រមជាមួយកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យច្រើនជាង៥០០ផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner