សម្ដេចក្រឡាហោម ស ខេង៖ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ ដោយឈរលើមូលដ្ឋានេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានបន្ដថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ: ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការចូលរួមប្រកបដោយភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការពង្រឹងសន្ដិភាព ស្ថិរភាព សម្រាប់បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្ដទៀត។
សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ ដោយឈរលើមូលដ្ឋានេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ និងអាចរ៉ាប់រង អនុវត្ត សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបាន មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុដូចនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងឱ្យសម្រេចបាននូវស្នាដៃជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេស កងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូល និងសន្ដិសុខ នៃការបោះឆ្នោត នាពេលកន្លងមក ដែលញ៉ាំងឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ដោយគ្មានអំពើហឹង្សា និងការគំរាមកំហែងណាមួយកើតឡើងនោះឡើយ៕
ដោយ៖ពលជ័យ