ករណីរំដោះឧក្រិដ្ឋជនមេក្លោងគ្រឿងញៀន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ប៉ុន្តែអ្នកទោសជាមេក្លោងមិនទាន់ចាប់បាន
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងប្រាប់សារព័ត៌មាន ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។
គួរបញ្ជាក់ថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ជាមួយ កម្លាំងនគរបាលស្នងការនគរបាលខេត្តសៀមរាប បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាបម្សិលមុិញ ប៉ុន្តែអ្នកទោសមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ពន្ធនាគារ ៥២ឆ្នាំ មិនទាន់ចាប់ខ្លួនបាននៅឡើយ ស្ថិតតាមការប្រមាញ់បន្តរបស់សមត្ថកិច្ចនៅឡើយ។
ពាក់ព័ន្ធ ករណីខាងលេី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចាក់ថា មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។
សូមរំលឹក ថា កាលពីថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកទោសឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោស៥២ឆ្នាំ ហើយបានអនុវត្តទោសបាន ១៣ឆ្នាំ ក៏មានករណីយកមកព្យាបាលនៅពេទ្យធ្មេញខាងលើ ទើបមានក្រុមឧក្រិដ្ឋជន មករំដោះ ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី