ករណីផ្ទុះយន្ដហោះឯកជននៅម៉ាឡេស៊ីបានសម្លាប់មនុស្ស១០នាក់ក្នុងនោះមានម្នាក់ជាសមាជិករដ្ឋសភា

គូឡាឡាំពួរ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ និងផ្ទុះយន្ដហោះ​ឯកជន (Private Jet) នៅក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលហេតុការណ៍​ដ៏ភ្ញាក់​ផ្អើល​នេះ​បានកើតឡើងនា ថ្ងៃព្រហស្បតិ៍ ទី១៧សីហាថ្មីៗនេះ។

ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង១០នាក់នោះ មានម្នាក់ជាសមាជិករដ្ឋសភាគឺលោក Johari Harun ដែលមានអាយុ ៥៤ឆ្នាំ និងដែលត្រូវបានជ្រើសរើសជាបេក្ខជន Barisan Nasional ថ្មីនៅក្នុងការបោះឆ្នោតទូទៅឆ្នាំ ២០២២ ។

តាមរយៈវីដេអូនៃឧបទ្ទវហេតុដែលត្រូវបានមនុស្សរាប់សែននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្សព្វ​ផ្សាយជាបន្តបន្តាប់ គេអាចមើលឃើញផ្សែងដ៏ក្រាស់ឃ្មឹកហុយចេញពីបំណែកយន្ដហោះ​ ដែលបានផ្ទុះបែក និងកំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវក្បែរទីប្រជុំជន Elmina ក្នុងទីក្រុង Shah Alam ។

ប៉ូលិសបាននិយាយថា អ្នកស្លាប់ទាំង១០នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះ មានប្រាំបីនាក់នៅ​ជាអ្នកដំណើរលើយន្តហោះ។ ចំណែកឯជនរងគ្រោះ២នាក់ទៀត មានម្នាក់ជាអ្នកបើកបររថយន្ដ និងម្នាក់ទៀតជាអ្នកបើកបរម៉ូតូនៅលើដងផ្លូវ ហើយត្រូវបានយន្ដហោះធ្លាក់មកបុក ដែលបណ្ដាលឱ្យ​ឆេះ​ទៅជា​មួយអណ្ដាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅ។

សាក្សីនៅក្នុងហេតុការណ៍​​បានប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ ​ថាពួកគេ​មាន ការសោកស្ដាយ និងមាន​អារម្មណ៍​អាណិតជនរងគ្រោះជាខ្លាំង ជាពិសេសនៅពេលដែល​ឃើញ​អ្ន​ក​បើក​បរ​ម៉ូតូ​ត្រូវ​ភ្លើង​ឆេះ​ ហើយបញ្ចេញសម្រែកយ៉ាងឈឺចាប់ ខណៈដែលពួកគេមិនអាចជួយអ្វី​បានសោះ។

ដោយឡែក អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បានបញ្ជាក់ថា យន្តហោះដែលធ្លាក់​នោះ គឺជាប្រភេទ Beechcraft 390 ដែលចុះបញ្ជីក្រោមលេខ N28JV។

យន្តហោះដដែលនេះស្ថិតក្រោមទំនួលខុសត្រូវរបស់ក្រុមហ៊ុន Jet Valet ដែលជាក្រុមហ៊ុនផ្ដល់​សេវាកម្មហោះ​ហើរឯកជនផ្តាច់មុខ ហើយបានចាកចេញពី Langkawi នៅម៉ោងប្រមាណ២ រសៀល ក្នុងដំណើរឆ្ពោះទៅកាន់អាកាស​យានដ្ឋាន Subang ដែលមានចម្ងាយជិត ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

លោក Norazman Mahmud នាយកប្រតិបត្តិរបស់ CAAM បាននិយាយថា អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវ​អាកាស​របស់អាកាសយានដ្ឋាន Subang បានសង្កេតឃើញមានផ្សែងហុយចេញពីកន្លែង​ធ្លាក់យន្ត​ហោះ នៅអំឡុងម៉ោង ២និង៥០ រសៀល ប៉ុន្តែគ្មានការហៅទូរស័ព្ទដើម្បីបញ្ជាក់ពីបញ្ហាណាមួយ​នៅលើ យន្ដហោះឯកជនមួយគ្រឿងនោះទេ។

មន្ត្រីប៉ូលិសនៃរដ្ឋ Selangor គឺលោក Hussein Omar Khan បាននិយាយថា មុនពេលកើតហេតុ យន្ដហោះមួយគ្រឿងនោះកំពុងតែរៀបចំចុះចត ហើយក៏ត្រូវបានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ឱ្យសញ្ញាក្នុងការចុះថតផងដែរ ប៉ុន្តែយន្តហោះនេះបានបាត់ការទាក់ទងក្នុងរយៈពេលពីរនាទី​មុនពេលធ្លាក់។

ក្រុមប៉ូលិស​បាន​និយាយទៀត​ថា ពួកគេ​កំពុង​តែ​ស៊ើបអង្កេត​លើ​ការ​ធ្លាក់​យន្តហោះ​នេះ​ ហើយក្រុម​ហ៊ុន Jet Valet ក៏បានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញក្នុងដំណើរការស៊ើប​អង្កេតនេះផងដែរ។

ចំណែក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Anthony Loke បានធ្វើសន្និសីទសារ​ព័ត៌មាននៅអាកាសយានដ្ឋាន Subang កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីបំភ្លឺអំពីករណីធ្លាក់​យន្តហោះ​នេះ។ តាមរយៈសន្និតសីទនោះ លោក​បាន​មាន​បញ្ជាក់ថា​៖ «​បេសកកម្ម​ដើម្បី​យក​ប្រអប់​ខ្មៅ​ចេញពី យន្ដហោះ​នោះ គឺ​កំពុង​តែ​ដំណើរការ»៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ https://www.straitstimes.com/asia/se-asia/small-plane-crashes-into-a-road-in-malaysia-motorbike-parts-strewn-across-the-ground

ads banner