ក្រុមហ៊ុនអចលនទ្រព្យ Evergrande របស់ចិន បានស្នើសុំការការពារពីការក្ស័យធននៅសហរដ្ឋអាមេរិក
អាមេរិក៖ ក្រុមហ៊ុន Evergrande Group របស់ចិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងដែលជំពាក់បំណុលគេច្រើនបំផុតនៅទូទាំងពិភពលោក ហើយដែលជាក្រុមហ៊ុននិមិត្តរូបនៃវិបត្តិអចលនទ្រព្យនៅប្រទេសចិន បាននិងកំពុងស្វែងរកការការពារក្ស័យធននៅតុលាការសហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះ បានស្វែងរកការការពារផ្នែកច្បាប់ ដោយអនុលោមតាមជំពូកទី១៥ នៃច្បាប់ស្ដីពីក្ស័យធនរបស់សហរដ្ឋអាមេរិក។ ច្បាប់នេះអាចការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលមាននៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុននេះកំពុងព្យាយាមរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ។ ច្បាប់នេះផងដែរ ក៏នឹងផ្តល់នូវយន្តការសម្រាប់ដោះស្រាយករណីក្ស័យធនដែលពាក់ព័ន្ធនឹងប្រទេសច្រើនជាងមួយ។
ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ប្រទេសចិន បានប្រឈមមុខនឹងការជំពាក់បំណុលជាង ៣០០ ប៊ីលានដុល្លារអាមេរិក ដោយសារតែវិធានការបង្កើនការត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើឧស្សាហកម្មអចលនទ្រព្យ។ អស្ថិរភាពផ្នែកហិរញ្ញវត្ថុយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននេះ បានក្លាយជាគំរូមួយដ៏សំខាន់នៃការប្រកួតប្រជែងទីផ្សារអចលនទ្រព្យនៅប្រទេសចិន។
ការព្រួយបារម្ភអំពីការបរាជ័យរបស់ក្រុមហ៊ុន Evergrande ក្នុងឆ្នាំ២០២១ បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ។ នៅក្នុងឯកសារដែលបានដាក់ស្នើនៅទីក្រុងញូវយ៉កថ្មីៗនេះ ក្រុមហ៊ុន Tianji Holding និងក្រុមហ៊ុន Scenery Journey ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Evergrande ក៏បានស្វែងរកការការពារក្រោមច្បាប់ស្ដីពីក្ស័យធន ត្រង់ជំពូកទី១៥ ផងដែរ។
អស់រយៈពេលជាច្រើនខែមកហើយ ក្រុមហ៊ុន Evergrande បានព្យាយាមធ្វើការលើកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលនៅឯបរទេស។ ជាក់ស្ដែង កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការមួយ គឺការផ្តល់ឱ្យម្ចាស់បំណុលនូវជម្រើសចំនួនពីរ។ ទី១ ក្រុមហ៊ុននឹងផ្ដល់ឯកសារហិរញ្ញវត្ថុថ្មីដែលមានចែងអំពីលក្ខខណ្ឌថ្មី ខុសពីកិច្ចសន្យាចាស់។ ទី២ ក្រុមហ៊ុននឹងផ្ដល់ភាគហ៊ុនកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរ គឺក្រុមហ៊ុន Evergrande Property Services Group និងក្រុមហ៊ុន Evergrande New Energy Vehicle Group។
យ៉ាងណាក៏ដោយ កាលពីខែមុន ក្រុមហ៊ុន Evergrande បានចេញផ្សាយអំពីការខាតបង់របស់ខ្លួនសរុបចំនួន ៨១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ការខាតបង់នេះ បានបណ្តាលឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពដែលក្រុមហ៊ុនអាចទទួលបានជោគជ័យនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន។
រហូតមកទល់ពេលនេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែស្ថិតក្នុងស្ថានភាពចលាចលនៅឡើយ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមិនបានបញ្ចប់គម្រោងលំនៅឋាន ដែលបង្កឱ្យមានការតវ៉ា និងជំរុញឱ្យពលរដ្ឋមិនហ៊ានយកប្រាក់កម្ចីពីធនាគារដើម្បីទិញផ្ទះរស់នៅ។
បញ្ហានៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិននេះផងដែរ អាចនឹងរីករាលដាលដល់វិស័យផ្សេងទៀតនៃសេដ្ឋកិច្ចទាំងមូលនៅក្នុងប្រទេសចិន ហើយអាចនឹងបង្កឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ ចាប់តាំងពីវិបត្តិបំណុលរបស់ឧស្សាហកម្មអចលនទ្រព្យបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២១ ប្រមាណ ៤០ភាគរយ នៃក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការលក់ផ្ទះនៅក្នុងប្រទេសចិន បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ពួកគេ។
នាពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានចាត់វិធានការពង្រឹងឧស្សាហកម្មអចលនទ្រព្យ ដោយកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ សម្រួលបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងៗ និងការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់អ្នកអភិវឌ្ឍអចលនទ្រព្យ៕ ប្រែសម្រួលដោយ៖ ធា សុណា