ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី១៧នៅឥណ្ឌូនេស៊ី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូនៃក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជាទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធការប្រឆាំងនឹងអំពើភារវកម្ម។

ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ១៨ ខែសីហានេះ បានអញ្ជើញដឹកនាំប្រតិភូ SOMTC-កម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ (17th AMMTC and Its Related Meetings) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២៣ ខែសីហា នៅទីក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមប្រភពក្រសួងមហាផ្ទៃ។

នៅក្នុងដំណើរទៅចូលរួមកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា SOMTC និងអនុប្រធាន សមាជិក ក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែននេះដែរសម្ដេចក្រឡាហោម ស ខេង ធ្លាប់បានលើកឡើងពីការប្តេជ្ញាចិត្តសហការជាមួយបណ្តាប្រទេសអាស៊ានឱ្យស្អិតរមួត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងនានាពីឧក្រិដ្ឋកម្មឆ្លងដែននេះ។ ការបង្ហាញការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៥ តាមប្រព័ន្ធវីដេអូដែលប្រទេសព្រុយណេជាប្រធានកិច្ចប្រជុំនៅឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា។ តាមរយៈកិច្ចប្រជុំនេះលោក ស ខេង បញ្ជាក់ថា៖«កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងភាពជាដៃគូដ៏ស្អិតរមួត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដោយប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយ តាមរយៈការអនុវត្តយន្តការថ្នាក់ជាតិ យន្តការទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ ដើម្បីកសាងបាននូវកម្លាំងរួមមួយដ៏មានសក្តានុពល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងនានាពីឧក្រិដ្ឋកម្មឆ្លងដែន»។

ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវដល់អាស៊ានបន្តពង្រឹងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងមានការកើនឡើង «ឥតឈប់ឈរ» និងបង្កការគំរាមកំហែងដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់៕ ដោយ៖ សុខ រក្សា

ads banner