ភ្លៀងធ្លាក់ឥតឈប់ឈរ និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងតិច ៧២នាក់ក្នុងសប្តាហ៍នេះនៅឥណ្ឌា
ញូវដេលី៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានឱ្យដឹងថា ភ្លៀងបន្តធ្លាក់ខ្លាំងឥតឈប់ឈរជាច្រើនថ្ងៃជាប់ៗគ្នានៅក្នុងតំបន់ហិមពាន្តនៃប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ក្នុងសប្តាហ៍នេះ ដោយសារខ្យល់មូសុងដ៏ខ្លាំងបានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលបានបង្កឱ្យលិចផ្លូវថ្នល់ បំផ្លាញអគារ និងតម្រូវឱ្យពលរដ្ឋគេចខ្លួនទៅរកទីទួលសុវត្ថិភាព។
នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌាបានដាក់រដ្ឋហិម៉ាចាលប្រាដេស ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតដោយហេតុថា ភ្លៀងនឹងធ្លាក់បន្តឥតឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Vikram Singh ប្រតិបត្តិករនៅមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃរដ្ឋដដែលនេះ បាននិយាយថាការស្លាប់ចំនួន ៧២នាក់នេះបានកើតឡើងត្រឹមរយៈប្រាំថ្ងៃប៉ុណ្ណោះ ខណៈក្រុមការងារជួយសង្គ្រោះកំពុងបន្តដុតដៃដុតជើង។
ជាមួយគ្នានេះ ផ្លូវរាប់រយត្រូវបានបិទ សាលារៀនក្នុងទីក្រុង Shimla នៃរដ្ឋហិម៉ាចាលប្រាដេសត្រូវបានបញ្ជាឱ្យបិទ ខណៈដែលកងកម្លាំងជើងអាកាសឥណ្ឌា និងក្រុមឆ្លើយតបគ្រោះមហន្តរាយជួយជម្លៀសប្រជាជនចេញពីតំបន់ទំនាប និងងាយរងគ្រោះ។ ប្រមុខរដ្ឋលោក Sukhvinder Singh Sukhu បាននិយាយថា មនុស្សជាង ២ពាន់នាក់ត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ និងម៉ូតូទឹក ហើយឥឡូវត្រូវស្ថិតនៅក្នុងជំរុំ បណ្ណោះអាសន្នសិន។
មហន្តរាយនេះក៏បានបំផ្លាញ ប្រាសាទហិណ្ឌូមួយនៅក្នុងទីក្រុង Shimla ដែលជាទីដែលសម្បូរទៅដោយអ្នកគោរពបូជា។ ជុំវិញការដួលរលំនូវប្រាសាទបុរាណនេះ អាជ្ញាធររដ្ឋបានបង្ហាញក្តីព្រួយបារម្ភថា អាចមនុស្សជាច្រើនត្រូវកប់នៅក្រោមកំទេចកំទីដែលបាក់នោះ។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌាមួយ លោក Sukhu ជានាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំងក្លានេះ នឹងត្រូវចំណាយពេលមួយឆ្នាំ ដើម្បីកសាងឡើងវិញ និងបានអះអាងថា ការប៉ាន់ស្មាននៃការខូចខាតនេះគឺស្ថិតក្នុងរង្វង់ ១០០ពាន់លានរូពី (១,២ ពាន់លានដុល្លារ)។
គួរជម្រាបថា គ្រោះមហន្តរាយដែលបណ្តាលមកពីការបាក់ដី និងទឹកជំនន់គឺស្ទើរក្លាយជារឿងធម្មតានៅភាគខាងជើងនៃតំបន់ហិមពាន្តរបស់ប្រទេសឥណ្ឌាក្នុងអំឡុងរដូវខ្យល់មូសុង ពីខែមិថុនាដល់ខែកញ្ញា។ អ្នកវិទ្យាសាស្ត្រនិយាយថា គ្រោះមហន្តរាយនៅតំបន់នេះនឹងកាន់តែញឹកញាប់ នៅពេលដែលការឡើងកម្តៅផែនដីកើនឡើង។ តែការខូចខាតច្រើនខ្លាំងបែបនេះត្រូវបានអ្នកជំនាញ ឧតុនិយមចូលនិវត្តន៍នៅនាយកដ្ឋានឧតុនិយមឥណ្ឌា លោក Anand Sharma រិះគន់ថា គឺមកពីរដ្ឋគ្មានផែនការទប់ស្កាត់ និងអភិបាលកិច្ចមិនល្អ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ