គ.ជ.ប. បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ រយៈពេល៥ថ្ងៃ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ជូនដល់គ្រូបង្ហាត់ គ.ជ.បនិងមន្រ្តី គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពបន្ថែមធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមជាគ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ចូលរួមចំនួន ៦០ នាក់។ពិធីនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប.។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
លោកបានជម្រាបជូនទៀតថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គ.ជ.ប មានបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។
បើតាមសេចក្តីប្រកាសដដែល ការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត, ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) និងប្រជាពលរដ្ឋខ្មែរដែលបានប្លាស់លំនៅឋានឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី។
ចំណែកអ្នកមកស្នើសុំធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនត្រឹមត្រូវ។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀតក្នុងភូមិតែមួយ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង៕ ដោយ៖ សុខ រក្សា