NATO សន្យាគាំទ្រអ៊ុយក្រែនរហូតឈ្នះសង្គ្រាមជាមួយរុស្ស៊ី

អូស្លូ៖ ប្រមុខអង្គការណាតូថ្លែងថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ នឹងបន្តផ្តល់សព្វាវុធដល់អ៊ុយក្រែន រហូតដល់ទីក្រុងកៀវសម្រេចជ្រើសរើសពេលវេលាសមស្រប ក្នុងការចូលតុចរចាជាមួយរុស្ស៊ី។

អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយន័រវេសយ៉ាងដូច្នេះថា អាទិភាពរបស់អង្គការណាតូ គឺគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងថា ប្រសិនបើចង់បានសន្តិភាពយូរអង្វែង នោះគឺការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន គឺជាផ្លូវឆ្ពោះទៅកាន់ទីនោះ។

ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា អ្វីៗគឺស្ថិតលើអ៊ុយក្រែន ហើយមានតែអ៊ុយក្រែនទេ ដែលអាចសម្រេចតើថានៅពេលណាលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាអាចកើតមាន… តើអ្វីជាដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែភារកិច្ចរបស់យើងគឺគាំទ្រអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា យោធាអ៊ុយក្រែនបានជាប់គាំងក្នុងការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីដើមខែមិថុនាមកម្ល៉េះ ក្នុងនោះប្រតិបត្តិការខ្លះ រហូតមកទល់ពេលនេះ បានបរាជ័យក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយតួលេខចុងក្រោយបង្អស់របស់រុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានបាត់បង់ទាហានជាង ៤៣,០០០នាក់ចាប់តាំងពីខែមិថុនាកន្លងមក៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner