សហព័ន្ធកីឡាបាញ់កាំភ្លើង ផ្លាស់ប្ដូរប្រធានថ្មី ដើម្បីជម្រុញការអភិវឌ្ឌក្រោយខកខានចូលរស៊ីហ្គេម

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានផ្លាស់ប្ដូរប្រធានថ្មី ដោយលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី សម្រាប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ បន្ដពីលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីប្រធានសហព័ន្ធចាស់រូបនេះ សម្រេចលាលែងពីតំណែងតាមសន្យា ក្រោយខកខានការចូលរួមប្រកួត និងដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ថ្លែងក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធ នៅថ្ងៃទី១៨ ខែសីហានេះ លោក មៀច សុផាន់ណា បានគូសបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញនេះ សរបញ្ជាក់ឲ្យឃើញពីការដំណើរការឡើងវិញ ព្រមទាំងមាគារ ដែលសហព័ន្ធត្រូវប្រកាន់យក និងអនុវត្ត ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ លើសពីនេះ លោកក៏បានបង្ហើបកត្ដានាំឲ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីននេះដែរ ខណៈអ្វីដែលសំខាន់ គឺលោកគោរពតាមសន្យា ។ យ៉ាងណាលោកក៏បានថ្លែងអំណរគុណសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់ទាំងអស់ ដែលខំប្រឹងអស់ពីលទ្ធភាព ធ្វើឲ្យសហព័ន្ធមានស្ថេរភាពមកទល់បច្ចុប្បន្ន ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងលើ បានរំឮកថា កន្លងមកលោកធ្លាប់លើកឡើងតាមប្រព័ន្ទផ្សព្វផ្សាយ ប្រសិនបើស៊ីហ្គេម(ស៊ីហ្គេម លើកទី៣២ តែកីឡាបាញ់កាំភ្លើង មិនមានក្នុងការប្រកួតនោះទេ ដោយសារកត្ដាមួយចំនួន) មិនបានមេដាយទេ អាណត្តិក្រោយ លោកនឹងប្រគល់ភារកិច្ចនេះ(តំណែងប្រធានសហព័ន្ធ) ទៅអនាគត ឬអ្នកបន្ដវេណជំនាន់ក្រោយ ។ ដូច្នេះទី១ នេះគឺជាការគោរពតាមសន្យរបស់លោក និងទី២-ក៏ជាឱកាសល្អ សម្រាប់ផ្លាស់ប្ដូរផងដែរ ដ្បិតគ្រប់វិស័យ មិនអាចនៅត្រឹងមួយកន្លែងនោះទេ តែងមានការប្រែប្រួល ទៅតាមពេលវេលា និងកាលៈទេសៈ ព្រោះវាជាច្បាប់ធម្មជាតិ ។

ឆ្លៀតឱកាសនោះ លោក សុខ ពុទ្ធិវុធ បានសម្ដែងនូវក្ដីរីករាយ ដែលបានចូលរួមដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ។ យ៉ាងណាមិញ ក្នុងនាមប្រធានសហព័ន្ធថ្មី លោកបានប្រកាន់ជំហរ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺការរក្សាចាស់ និងពង្រីកការអភិវឌ្ឍន៍ថ្មី ដោយលោកនឹងបន្ដធ្វើការងារមួយនេះ ជាមួយសមាជិក ទាំងគណៈកម្មាធិការប្រតិបត្តិចាស់ និងថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែរីកចម្រើន ។

ចំពោះគោលដៅចម្បង ក្រោមការដឹកនាំរបស់លោក គឺលោកនឹងបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ។ មួយវិញទៀត លោកនឹងយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករប្រកបដោយសក្ដានុពល ដែលមានគុណធម៌ និងគុណតម្លៃគ្រប់គ្រាន់ ដោយយល់ច្បាស់ពីស្ដង់ដារកីឡាបាញ់កាំភ្លើង ដើម្បីចូលរួមប្រកួតប្រជែង ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ។ លោកសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើធនធានមានស្រាប់ រួមជាមួយការប្ដេជ្ញាចិត្តរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ នឹងធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើន ដូចបណ្ដាប្រទេសជិតខាង ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនសហព័ន្ធថ្មី លោកឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវបានគណៈកម្មាធិការប្រតិបត្តិគាំទ្រលោកជាប្រធានកិត្តិយស ហើយក្រៅពីលោក សុខ ពុទ្ធិវុធ ដែលជាប្រធានសហព័ន្ធថ្មី ក៏មានថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិ ៩រូបផ្សេងទៀត ដើម្បីពួតដៃគ្នាដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាញ់កាំភ្លើងកម្ពុជាផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner