មនុស្ស២,៤០០នាក់ស្លាប់ ដោយសារអំពើហិង្សានៅប្រទេសហៃទី ចាប់តាំងពីខែមករា

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែសីហា បានឱ្យដឹងថា មនុស្សច្រើនជាង ២,៤០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសហៃទី ចាប់តាំងពីដើមឆ្នាំ២០២៣មក ចំពេលមានអំពើហិង្សារបស់ក្រុមក្មេងទំនើង។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ចន្លោះថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ ២,៤៣៩នាក់ត្រូវបានសម្លាប់ និង ៩០២នាក់ទៀតបានរងរបួសដោយសារអំពើហិង្សានៅក្នុងប្រទេសហៃទី។ ទន្ទឹមគ្នា មនុស្ស ៩៥១នាក់ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងពេលដូចគ្នានេះ។

នៅចំពោះមុខអំពើហឹង្សានេះ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានអំពាវនាវឱ្យមានចំណាត់ការជាបន្ទាន់ ក្នុងការបញ្ជូនកងកម្លាំងពហុជាតិមិនមែនអង្គការសហប្រជាជាតិ ទៅគាំទ្រដល់ប៉ូលីសហៃទី ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខដ៏ធ្ងន់ធ្ងរ និងការស្តារនីតិរដ្ឋ និងច្បាប់ឡើងវិញ។

សូមបញ្ជាក់ថា ប្រទេសហៃទីបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងវិបត្តិសេដ្ឋកិច្ច, សន្តិសុខ និងនយោបាយ។ បន្ថែមលើនេះ ការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise ក្នុងឆ្នាំ២០២១ ក៏បានធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសកាន់តែអាក្រក់ទៅៗផងដែរ ខណៈដែលក្រុមជនពាលកំពុងកាន់កាប់អំណាចកាន់តែខ្លាំងឡើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner