នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសជាមេក្លោងគ្រឿងញៀននៅខេត្តសៀមរាប សមត្ថកិច្ចបង្ក្រាបបាន ៧នាក់ ក្នុងនោះខ្មែរអាមេរិក ៦នាក់ និងចិនម្នាក់

(ភ្នំពេញ )៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែសីហា ឆ្នាំ ២០២៣នេះ បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះអ្នកទោស ដែលជា មេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប។

ក្នុង ការធ្វើសន្និសីទកាសែតនេះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបបានចំនួន ៧នាក់ ក្នុងនោះមានខ្មែរអាមេរិកចំនួន ៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាមេរិក។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច ជំនាញ កំពុងតាម ប្រមាញ់ ចាប់ខ្លួនមេក្លោង និងទណ្ឌិតដែលរំដោះខ្លួននោះផងដែរ។

គួររម្លឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីរាយការណ៍ជំហានដំបូង បានឱ្យដឹងថា មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកម្លាំងអង្គភាពជំនាញជាច្រើនស្ថាប័ន បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន៨នាក់ហើយ ដែលត្រូវបានចាប់ខ្លួន៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner