កីឡាករ កម្ពុជា រំពឹងខ្ពស់ប្រជែងបានមេដាយមកជូនជាតិពីការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍
(ភ្នំពេញ)៖ អត្តពលិកកីឡាវាយកូនគោលកម្ពុជា ដឹកនាំដោយ លោក ឧកញ៉ា ឡោក ដារិទ្ធ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ហើយ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ម្សិលមិល ជូនដំណើរដោយ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងមន្រ្តីជាច្រើនរូប។
ថ្លែងមុនចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឧកញ៉ា ឡោក ដារិទ្ធ អ្នកគ្រប់គ្រងក្រុមកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា សម្រាប់ការដឹកនាំក្រុមទៅចូលរួមការប្រកួតកីឡាវាយកូនគោលព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ លោកពិតជាមានមោទកភាពខ្លាំងណាស់ នឹងមានក្តីសង្ឈឹមខ្ពស់ថា កីឡាករកម្ពុជានឹងប្រជែងដណ្តើមបានមេដាយកម្រិតណាមួយមកជូនកម្ពុជាជាក់ជាមិនខាន។
ឯកឧត្តម ឆោម សំបូរ អគ្គេខាធិការរង សហព័ន្ធ ក៏បានគូសបញ្ជាក់ដែរថា សហព័ន្ធបញ្ជូនកីឡាករទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះ មានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហព័ន្ធកីឡាវាយកូនគោលក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពង្រឹងគុណភាពបច្ចេកទេសកីឡាករកម្ពុជា ពិសេស ផ្តល់នូវបទពិសោធន៍ការប្រកួតកម្រិតអន្តរជាតិ ដើម្បីត្រៀមចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃឆ្នាំ២០២៥។
ដោយឡែក កីឡាករ ដែលទៅចូលរួមប្រកួតសុទ្ធសឹងតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រកួតឲ្យអស់ពីលទ្ធភាពប្រជែងដណ្តើមយកលទ្ធផល្អជូនកម្ពុជាពីការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
សម្រាប់ការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន៤វិញ្ញសា កុមារ៉ាក្រោមអាយុ១៦ឆ្នាំ កុមារីក្រោមអាយុ១៦ឆ្នាំ បុរស់មិនកំណត់អាយុ និងនារីមិនកំណត់អាយុ តែសម្រាប់កម្ពុជា បញ្ជូនតែ២វិញ្ញាសាទេ គឺ កុមារ៉ាក្រោមអាយុ១៦ ឆ្នាំចំនួន២នាក់ និងបុរសមិនកំណត់អាយុ៤នាក់ ហើយ ការប្រកួតដំណើរការរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ប្រកួតកូនគោលតំបន់អាស៊ីអាគ្នេយ៍នេះ សហព័ន្ធមានគម្រោងបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេសជាច្រើនប្រទេសទៀត ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពឈានទៅប្រជែងដោយគុណភាពក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥៕
អត្ថបទ ជាវ ចន្ធូ
រូបភាព ងីម ឆៃ ហួត