ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុនច្រានចោល និងស្នើកែតម្រូវពីការចេញផ្សាយព័ត៌មានរបស់ The Cambodia Daily
(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើការច្រានចោលចំពោះការចុះផ្សាយរបស់សារ ព័ត៌មាន The Cambodia Daily និងព្រមជាមួយគ្នាបានស្នើឲ្យកែតម្រូវពីការចុះផ្សាយស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ” នៅលើបណ្ដាញ Facebook ។
បើយោងតាមលិខិតមួយច្បាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុននៅថ្ងៃទី១៩សីហាបានលើកឡើងថា ការចុះផ្សាយរបស់សារព័ត៌មានThe Cambodai Dialyពុំមាន មូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិត ដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុង បំណងបង្កការញុះញង់ឲ្យបងប្អូនខ្មែរ ជាពិសេស កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅ ប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូត ថាមិនអើពើជួយដោះស្រាយបញ្ហាមួលបង្កាច់ខាងលើ របស់សារព័ត៌មានគ្មានវិជ្ជាជីវៈ និងគ្មានក្រមសីលធ៌មសារព័ត៌មានសុទ្ធសាធ ។
ក្នុងលិខិតនេះស្ថានទូតជប៉ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុង ប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០,៥៦១ នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិ អត់ការងារធ្វើ ដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុស ច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែង ការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។ ការរត់ចេញពីកន្លែងធ្វើការ ពុំ មែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង-ស្ថាប័នជប៉ុន ហើយបានស្នើ សុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួន។
ក្នុងលិខិតដដែលនេះបានលើកឡើងថា÷ សម្រាប់ការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី ស្ថានទូតតែងសហការជាមួយ សមាគមគ្រប់គ្រង និងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបញ្ចូនខ្មែរ ដោយបានរៀបចំកម្មវិធីចុះប្រឹក្សាយោបល់ និងណែនាំដល់កម្មសិក្សាការីឱ្យបានជ្រួតជ្រាបពីផលវិបាកនៃការរត់ចេញពីកន្លែងធ្វើការ និងយន្តការផ្ដល់ សេវាគាំពារ និងទ្រទ្រង់ដល់កម្មសិក្សាការី និងពលករជំនាញខ្មែរ តាមរយៈកិច្ចសហការជាមួយភាគីពាក់ ព័ន្ធ រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនបញ្ជូនខ្មែរ សមាគមគ្រប់គ្រង និងក្រុម ហ៊ុនជប៉ុន ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពជប៉ុន ក្រសួងយុត្តិធម៌ជប៉ុន និងអង្គការគ្រប់គ្រង កម្មសិក្សាការីបច្ចេកទេស (OTIT) ដើម្បីដោះស្រាយបញ្ហាការងារ និងការរស់នៅឱ្យបានឆាប់រហ័ស និងទទួល បានជោគជ័យ ព្រមជាមួយនឹងនីតិវិធីនៃការដាក់ពាក្យស្នើសុំអន្តរាគមន៍។ ។
ស្ថានទូតកម្ពុជានៅជប៉ុនបានលើកឡើងផងថាចំពោះអំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមកនោះ គឺការលួចកាត់ខ្សែភ្លើងប្រើពន្លឺថ្ងៃ (Solar) ពុំមែនខ្សែភ្លើង ធ្វើឱ្យស្ថានីយ៍រថភ្លើងលែងដំណើរការនោះទេ ដែលការលួចកាត់ខ្សែភ្លើងនេះ មានការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះទេ និងក៏ពុំមែនមានតែអតីតកម្ម សិក្សាការីខ្មែរនោះដែរ។
ស្ថានទូតបានលើកឡើងថា ចំពោះសហជីពដែលបានផ្ដល់ព័ត៌មានដល់សារព័ត៌មាន The Cambodia Daily ពុំមែនជាសហជីពទទួល បន្ទុកការពារសិទ្ធិពលករខ្មែរ ដូចដែលបានអះអាងនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្មសិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនរបស់ខ្លួន ដោយពុំពិភាក្សា ឬផ្សះផ្សាជាមុន ជាពិសេសពុំដែលទំនាក់ ទំនងមកស្ថានទូតទេ។
ដោយឡែកករណីធ្វើអត្តឃាតរបស់កម្មសិក្សាការីក្នុងឆ្នាំ២០២២ មិនមែនដោយសារការរងសម្ពាធការងារខ្លាំង ទើបគេរត់ចេញនោះទេ គឺជាការចាញ់បោក រត់តាមមេខ្យល់ទៅធ្វើការខុសច្បាប់។ មុនពេលធ្វើ អត្តឃាតជនរងគ្រោះបានប្រឹក្សាយោបល់ជាមួយបុគ្គលិកមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់កម្មសិក្សាការី បរទេសរបស់អង្គការ OTIT និងទំនាក់ទំនងក្រុមហ៊ុន ដែលធ្លាប់ធ្វើការ ដើម្បីស្នើសុំអនុញ្ញាតចូលធ្វើការវិញ បន្ទាប់ពីបានរត់តាមមេខ្យល់ប្រមាណមួយសប្ដាហ៍។ តំណាងក្រុមហ៊ុនបានទទួលពាក្យស្នើសុំទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងគ្រោងឯកភាពទទួលចូលធ្វើការវិញ ក៏ប៉ុន្តែជាអកុសល ជនរងគ្រោះបានធ្វើ អត្តឃាតបាត់ទៅហើយ។ ក្រុមការងារស្ថានទូតបានចូលរួមកម្មវិធីបូជាសព និងយកថវិកាចូលបុណ្យសព ក៏ ដូចជាសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនជប៉ុន ចាត់ចែងបុណ្យសព និងបញ្ជូនធាតុទៅប្រទេសខ្មែរ តាមសំណូមពររបស់គ្រួសារសព។
ស្ថានទូតបញ្ជាក់ថា៖”
ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលករខ្មែរនោះ ជាព័ត៌មានមួលបង្កាច់ខុសពី ការពិតទាំងស្រុង។ ជាក់ស្តែង ស្ថានទូត ក៏ដូចជាមន្ត្រីស្ថានទូត តែងតែខិតខំ យកចិត្តទុកដាក់ជានិច្ចលើ សុខទុក្ខរបស់សិក្ខាកាម និងពលករជំនាញ ព្រមទាំង រាល់ពេលតំណាងស្ថានទូតចុះជួបពួកគេ នៅតាមក្រុមហ៊ុនដែលពួកគេធ្វើការស្ថានទូតតែងបានផ្សព្វផ្សាយ និងណែនាំពួកគាត់បានយល់ដឹងពីការគោរពគ្រប់ ច្បាប់ជប៉ុន ការចៀសវាងនូវការជឿតាមការបោកប្រាស់របស់ពួកមេខ្យល់ ការខិតខំរៀនសូត្រដើម្បីបទ ពិសោធន៍និងអនាគតរុងរឿងរបស់ពួកគាត់។ល”។
ក្នុងលិខិតខាងលើស្ថានទូតក៏បានបញ្ជាក់ដែរថា សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្ត មកលើយន្តការផ្តល់សេវាគាំពារ និងទ្រទ្រង់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្នើសុំសារព័ត៌មាន The Cambodia Daily ធ្វើការ
កែសម្រួលការចុះផ្សាយរបស់ខ្លួន ដោយឈរលើមូលដ្ឋានព័ត៌មានពិត និងមានសីលធម៌វិជ្ជាជីវៈជាចំបង៕ ដោយ:ម៉ាដេប៉ូ