សហគមន៍ខ្មែរ និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រនាយករដ្ឋមន្ត្រីថ្មី ទើបចូលកាន់តំណែង
(ភ្នំពេញ)៖ ពលករ និង សិស្ស និស្សិត ខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការចេញអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។
តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ដោយបានលើកឡើងព្រមៗគ្នាថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។

ទន្ទឹមនឹងនោះ ពលករខ្មែរនៅតំបន់ផ្សេងទៀត បានកត់សម្គាល់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹង និងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា ព្រោះលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានជំនាញនយោបាយ ហើយយោធាថែមទៀតផង។
គួរបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រដ្ឋាភិបាលថ្មីបានប្រកាសអនុវត្តភ្លាមនូវគោលនយោបាយទាំង៥របស់រដ្ឋាភិបាលដើម្បីធានានិរន្តរភាពរបស់រដ្ឋាភិបាល និងការផ្តល់សន្ទុះថ្មីដល់សង្គមជាតិ។ ក្នុងនោះរួមមាន ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បង្កើតការងារធ្វើ ការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការ ជាដើម។ ទី៤ ធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន និងអនាគតតាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។ និងទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតងដែលឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ៕

ដោយ ៖ ម៉ាដេប៉ូ