រដ្ឋមន្រ្តីក្រសួងការងារថ្មីបង្ហាញអារម្មណ៍ពីការចុះមើលសកម្មភាពផលិតស្បែកជើង និងពិសាបាយជាមួយបងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖”ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង”។ នេះជាការលើកឡើងតាមរយៈបណ្តាញទំព័រ ហ្វេសប៊ុក ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារថ្មីបានថ្លែងថា”បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា៖”បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ”។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់បន្ថែមថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង។

នៅរោងចក្រនេះ មានសហជីពមូលដ្ឋាន រហូតដល់ទៅជាង ២០សហជីព។ ទំនាក់ទំនងរវាង សហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner