ថ្នាក់ដឹកនាំ អាជ្ញាធរ និងសមាជិកគណបក្សស្រុកកណ្តាលស្ទឹង ប្រកាសគាំទ្រ យុទ្ធសាស្ដ្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលថ្មី
(កណ្ដាល)៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង រួមជាមួយមន្ត្រី អាជ្ញាធរ សមាជិក សមាជិការគណបក្សក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានប្រកាសគាំទ្រយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ។
ការប្រកាគាំទ្រដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ ក៏ដូចជា សមាជិក សមាជិកា និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលខិតខំប្រឹងប្រែងចំណាយធនធាន និងគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំប្រទេសជាតិ បន្តទៀត ។
សូមជម្រាបថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សំឡេងគាំទ្រមានចំនួន ៥៨,៤៧២សំឡេង, ដោយប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត ៧៥,៧២១នាក់, ប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតមានចំនួន ៦៩,៨០៩នាក់ ៕
ដោយ-រ៉ាវុធ