ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាជ្ញាធរខេត្តសៀមរាប ត្រូវពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់
(ភ្នំពេញ)៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាបត្រូវពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការងារចលនាប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះគឺប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុប 9836 គ្រួសារក្នុងនោះចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯកចំនួន 5865គ្រួសារនិងចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន3971 គ្រួសារ។ដោយឡែកផ្ទៃដីសរុបសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមានទំហំ 2456 ហិកតាបែងចែកជា 20952 ឡូត៍ ក្នុងនោះនៅតំបន់អភិវឌ្ឍន៍រុនតាឯកមានផ្ទៃដីសរុបទំហំ 1046 ហិកតា បែងចែកជា6005ឡូត៍ និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងមានផ្ទៃដីសរុបទំហំ 1410 ហិកតាបែងចែកជា 14947 ឡូត៍។
ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍រុនតាឯកគឺកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប បានចាក់ដីបំពេញទីតាំងជូនប្រជាពលរដ្ឋរួចរាល់ 100% បានស្ថាបនាផ្លូវគ្រួសក្រហមនៅតំបន់អភិវឌ្ឍន៍រុនតាឯកបានប្រវែង 165 គីឡូម៉ែត្រ រួចរាល់ 100% សាងសង់សាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យលើផ្ទៃដីទំហំ5,12ហិកតា រួចរាល់ 100% សាងសង់មណ្ឌលសុខភាពប៊ុនរ៉ានីហ៊ុនសែនរុនតាឯកលើផ្ទៃដីទំហំ3,73ហិកតា រួចរាល់ 100% សាងសង់ផ្សារចំនួន 8ខ្នង ដែល1ខ្នងទំហំ 20 ម៉ែត្រគុណនឹង 40 ម៉ែត្រ លើផ្ទៃដីទំហំ4,24ហិកតា សម្រេចបាន 70% សាងសង់វត្តរុនតាឯកលើផ្ទៃដីទំហំ 3 ហិកតា សម្រេចបាន 87% សាងសង់មណ្ឌលរដ្ឋបាលស្រុកលើផ្ទៃដីសរុបទំហំ 4,38ហិកតា ក្នុងនោះផ្ទៃដីរដ្ឋបាលស្រុកទំហំ2,37ហិកតា និងផ្ទៃដីការិយាល័យចំណុះទំហំ2,01ហិកតា សម្រេចបាន 70% បានរៀបចំផ្ទៃដីទំហំ0,41ហិកតាសម្រាប់ទីស្នាក់ការទឹកស្អាត ការងារដំឡើងបំពង់មេទំហំ315mm, 300mm និង 225mmសរុបប្រវែង35256 m រួចរាល់ 100% ការងារតបណ្ដាញចែកចាយទឹកស្អាតតាមផ្ទះប្រជាពលរដ្ឋសម្រេចបាន 28% ផ្ទៃដីសម្រាប់ទីតាំងអគ្គិសនីមានទំហំ0,74ហិកតា ការងារដាំបង្គោលនិងភ្ជាប់បណ្ដាញខ្សែភ្លើងមេសម្រេចបាន97,84% ការងារតបណ្ដាញចែកចាយអគ្គិសនីតាមផ្ទះប្រជាពលរដ្ឋបាន 4156 ទីតាំង បានដំឡើងបង្គោលអង់តែនទូរសព្ទរួចចំនួន 2 កន្លែងគឺបង្គោលមេ1 និងបង្គោលចែកចាយ1 សម្រេចបាន 100% នៃផែនការជំហាន1។រីឯការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង គឺការងារឈូសឆាយនិងសំអាតដីឡូតិ៍សម្រេចបាន 100% ស្ថាបនាផ្លូវបេតុងក្រៅតំបន់អភិវឌ្ឍន៍ប្រវែង 17 គីឡូម៉ែត្រសម្រេចបាន 100% ស្ថាបនាផ្លូវកៅស៊ូក្នុងតំបន់អភិវឌ្ឍន៍សម្រេចបានផ្លូវចូលតំបន់1 ទទឹង 9 ម៉ែត្រប្រវែង 1700 ម៉ែត្រសម្រេចបាន 1.600 ម៉ែត្រស្មើនឹង 94% និងផ្លូវចូលតំបន់2 ទទឹង 9 ម៉ែត្រប្រវែង 1200 ម៉ែត្រសម្រេចបាន 1100 ម៉ែត្រស្មើនឹង 94% សាងសង់មណ្ឌលសុខភាពលើផ្ទៃដីទំហំ 5,03ហិកតា សម្រេចបាន 40% សាងសង់សាលារៀនលើផ្ទៃដីទំហំ 3,67ហិកតាសម្រេចបាន 40% សាងសង់ផ្សារលើផ្ទៃដីទំហំ4,86ហិកតាសម្រេចបាន 25% សាងសង់មណ្ឌលរដ្ឋបាលស្រុកលើផ្ទៃដីទំហំ4,14ហិកតាសម្រេចបាន 65% រៀបចំផ្ទៃដីទំហំ 0,59ហិកតាសម្រាប់ទីស្នាក់ការទឹកស្អាត ដំឡើងបំពង់មេទំហំ400mm និង315mm សរុបប្រវែង 34,5Km សម្រេចបាន 79% សាងសង់ស្ថានីយ៍បូមជំរុញទឹកសម្រេចបាន 48% រៀបចំផ្ទៃដីទំហំ0,75ហិកតាសម្រាប់ទីតាំងអគ្គិសនី ការងារដាំបង្គោលនិងបណ្ដាញចែកចាយអគ្គិសនីសម្រេចបាន 13,70 ភាគរយ បានត្រៀមបម្រុងផ្ទៃដីទំហំ4,85ហិកតាសម្រាប់សាងសង់ព្រះវិហារ ឧបដ្ឋានសាលានិងកុដិ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានណែនាំអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការដោះស្រាយសម្របសម្រួលនិងថែរក្សាការពារអោយបាននូវតំបន់អភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរគឺតំបន់1 តំបន់2 និងតំបន់ 3 កុំឱ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀតដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌដ៏មានតំលៃសម្រាប់ជាតិនិងពិភពលោកផងដែរ។ ម្យ៉ាងទៀតឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ ក៏បានជំរុញដល់អាជ្ញាធរខេត្តសៀមរាបត្រូវពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ៕
ដោយ / គ្រី សម្បត្តិ