ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ
ភ្នំពេញ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ផ្ញើលិខិតអបអរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានតំណែងជានាយករដ្ឋមន្ត្រីថ្មី និងបានអញ្ជើញឯកឧត្តមបណ្ឌិតទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវផងដែរ។
ជាមួយគ្នានោះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លៀតអរគុណដែលកន្លងមកកម្ពុជាបានផ្តល់ជំនួយមនុស្សផ្នែកវគ្គហ្វឹកហ្វឺនរំដោះមីនដល់អ៊ុយក្រែន និងគាំទ្រអ៊ុយក្រែនលើឆាកអន្តរជាតិជុំវិញទង្វើឈ្លានពានពីសំណាក់រុស្ស៊ី។
ការប្រកាសអញ្ជើញពីប្រមុខរដ្ឋាភិបាលអ៊ុយក្រែនដែលមមាញឹកជាប់ដៃធ្វើសង្គ្រាមនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរផ្ញើជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ លោកហ្សេឡេនស្គី បានថ្លែងអបអរយ៉ាងស្មោះស្ម័គ្រក្នុងនាមលោកជាប្រជាជនអ៊ុយក្រែន និងក្នុងនាមជាប្រធានាធិបតី ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជានេះ។
លោកហ្សេឡេនស្គីបញ្ជាក់ថា ៖ «ខ្ញុំមានទំនុកចិត្តថាការងាររបស់ឯកឧត្តម នៅក្នុងមុខតំណែងដែលមានការទទួលខុសត្រូវច្រើននេះ នឹងរួមចំណែកដល់ការរីកលូតលាស់បន្ថែមទៀតនៃតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងមិត្តភាពរវាងរដ្ឋរបស់យើង (កម្ពុជា-អ៊ុយក្រែន) នឹងទទួលបានលក្ខណៈជាក់ស្តែងថ្មីប្រកបដោយគុណភាព»។
ប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគោលជំហររបស់កម្ពុជា ក្នុងការគាំទ្របូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ការពារនីតិរដ្ឋ និងជំហរប្រឆាំងទង្វើដែលរុស្ស៊ីឈ្លានពានមកលើអ៊ុយក្រែន កន្លងទៅនេះ។ ជាពិសេសជំនួយមនុស្សធម៌ដែលកម្ពុជាផ្តល់ជូនអ៊ុយក្រែន ជុំវិញការបណ្តុះបណ្តាលដោះមីន។
លោកលើកឡើងថា ៖ «ខ្ញុំមានកិត្តិយស សូមអញ្ជើញឯកឧត្តមធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ហើយក៏សូមជូនពរឯកឧត្តម មានសុខភាពល្អ និងជោគជ័យក្នុងបេសកកម្មរដ្ឋប្រកបដោយការទទួលខុសត្រូវ និងសុខសន្តិភាព វិបុលភាពដល់ប្រជាជនកម្ពុជា»។
លោក ហ្សេឡេនស្គី បានបន្ថែមថា អ៊ុយក្រែនត្រូវការការចូលរួមរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដើម្បីស្តារឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយរូបមន្តដើម្បីសន្តិភាពរបស់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការថ្លែងអបអរពីប្រធានាធិបតីអ៊ុយក្រែនដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជារឿងល្អមួយ ដែលការអបអរនេះក៏បានចេញពីរង្វង់ថ្នាក់ដឹកនាំប្រទេសនានាផងដែរ។
សម្រាប់ជំហររបស់រដ្ឋាភិបាលកម្ពុជាថ្មីក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន លោកប្រាប់ថា ៖ «ខ្ញុំគិតថា ការអនុវត្តតាមគន្លងដែលសម្តេច ហ៊ុន សែន ដែលលោកធ្លាប់ធ្វើកន្លងមកគឺជារឿងត្រឹមត្រូវ ហើយមួយវិញទៀតគឺការគោរពច្បាប់អន្តរជាតិដែលមានជាធរមាន ដែលជាការស័ក្តិសមបំផុតសម្រាប់កម្ពុជាដែលជាប្រទេសតូច»។
ដោយឡែក ក្រៅពីប្រធានាធិបតីអ៊ុយក្រែន លោកស្រីប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ក៏បានផ្ញើសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាផងដែរ។
ក្នុងសារលិខិតចុះថ្ងៃទី២៥ ខែសីហា លោកស្រីប្រធានគណៈកម្មការអឺរ៉ុបលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជាដៃគូដ៏យូរលង់នឹងគ្នា ខណៈសហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការនេះតទៅថ្ងៃមុខ។
លោកស្រីបញ្ជាក់ថា ៖ «ខ្ញុំបានត្រៀមខ្លួនក្នុងការធ្វើការជាមួយឯកឧត្តម និងរដ្ឋបាលរបស់ឯកឧត្តមដើម្បីសម្រេចសក្តានុពលពាណិជ្ជកម្ម ការវិនិយោគ និងកំណើនរួមគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា»៕ សំបាន ច័ន្ទដារ៉ា