កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបលើកដំបូងកម្មករជិត២ម៉ឺននាក់ (Video Inside)
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបកម្មករប្រមាណជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ ដែលជាវេទិកាលើកដំបូងបំផុត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានប្រព្រឹត្តទៅនៅតំបន់ព្រៃស្ពឺ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលថ្មីដែលទើបបានចូលកាន់តំណែងប្រមាណ៧ថ្ងៃ បានដាក់ចេញនូវនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រ និងគោលនយោបាយ អាទិភាពនានាច្រើនចំណុច។ កិត្តិទេសាភិបាលនាយករដ្ឋមន្ត្រី ក្នុងប្រសាសន៍សំណេះសំណាល បានរំលឹកបញ្ជាក់ត្រួសៗ ប្រាប់កម្មករនូវគោលនយោបាយខ្លះ ដែលនឹងជួយជាប្រយោជន៍ដល់កម្មករ និងពលរដ្ឋទូទាំងប្រទេស ជាពិសេសចក្ខុវិស័យឆ្នាំ២០៥០។
កិត្តិទេសាភិបាលបណ្ឌិត បានរំលឹកនូវសន្តិភាពដែលជាចំណុចស្នូលអាទិភាព នៃកត្តាស្ថិរភាព ដឹកនាំប្រទេសផងដែរ។ លោកនាយករដ្ឋមន្ត្រីថ្មី បានបញ្ជាក់យ៉ាងមុតមាំលើចំណុចពង្រឹង និងថែរក្សាសន្តិភាព។