ប.ស.ស.ត្រៀមដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រៀមដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលប្រាំឆ្នាំ ដែលជាផ្លូវមួយសំខាន់សម្រាប់ពង្រីកវិសាលភាពបន្ថែមទៅដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស. មានលទ្ធភាពទទួលបាននូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។
ប្រភពហ្វេសប៊ុកផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែសីហាថា ប.ស.ស បានបើកកិច្ចប្រជុំស្តីពីការត្រៀមខ្លួនអនុវត្តផែនការយុទ្ធសាស្រ្ដរបស់ខ្លួន ដែលស្ថិតនៅផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ឆ្នាំ (២០២៣-២០២៨) ស្តីពីការពង្រឹងរបបសន្ដិសុខសង្គម។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ម៉េង ហុង អគ្គនាយកស្តីទីនៃ ប.ស.ស និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធប្រមាណ ១០០នាក់ផងដែរ។
ឯកឧត្តម ម៉េង ហុង បានថ្លែងថា ការចូលរួមអនុវត្តទៅតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ គឺជាផ្លូវដើរមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការពង្រឹង និងអភិវឌ្ឍរបបសន្ដិសុខសង្គមឆ្ពោះទៅរកការគ្របដណ្ដប់ជាសាកល ពិសេសការពង្រីកវិសាលភាពបន្ថែមទៅដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុក មានលទ្ធភាពទទួលបាននូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។
ឯកឧត្តមបានបន្តទៀតថា ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ អង្គភាពពាក់ព័ន្ធក្នុង ប.ស.ស ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ និងពង្រីកការគ្របដណ្ដប់ឱ្យមានប្រសិទ្ធភាពស្របតាមសូចនាករ ដែលបានដាក់ចេញ ប្រកបដោយការពេញចិត្ត៕ ដោយ៖ ជា សុខនី