ការបំពុលខ្យល់បច្ចុប្បន្ន គឺជាហានិភ័យដ៏ធំដល់អាយុសង្ឃឹមរស់នៅអាស៊ីខាងត្បូង
អាមេរិក៖ ការកើនឡើងនៃការបំពុលខ្យល់អាចកាត់បន្ថយអាយុសង្ឃឹមរស់លើសពី៥ឆ្នាំសម្រាប់មនុស្សម្នាក់នៅអាស៊ីខាងត្បូង ដែលជាតំបន់មួយរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃអង្គារ។
វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ(EPIC)បាននិយាយនៅក្នុងរបាយការណ៍សន្ទស្សន៍ជីវិតគុណភាពខ្យល់ ចុងក្រោយរបស់ខ្លួនថា អាស៊ីខាងត្បូង ដែលរាប់បញ្ចូលទាំងប្រទេសរងការបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន ស្ថិតនៅក្នុងបញ្ជីតំបន់ដែលអាយុសង្ឃឹមរស់ធ្លាក់ចុះខ្លាំងបំផុតដោយសារតែការបំពុល។
របាយការណ៍បង្ហាញថា ភាពឆាប់រហ័សនៃឧស្សាហូបនីយកម្ម និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលកម្រិតនៃការបំពុលដោយភាគល្អិតបច្ចុប្បន្ន ខ្ពស់ជាង ៥០ ភាគរយ បើធៀបកាលពីដើមសតវត្សន៍នេះ។ ឥឡូវនេះ ការបំពុលខ្យល់ បានគ្របដណ្ដប់លើគ្រោះថ្នាក់ ដែលបង្កឡើងដោយការគំរាមកំហែងសុខភាពកាន់តែធំ។
ប្រជាជនបង់ក្លាដែស ដែលជាប្រទេសដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក បាត់បង់អាយុសង្ឃឹមរស់ជាមធ្យម ៦,៨ ឆ្នាំ/ម្នាក់ បើធៀបនឹង ៣,៦ខែ/ម្នាក់នៅនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការសិក្សានៃរបាយការណ៍ដដែល ដែលប្រើទិន្នន័យផ្កាយរណបដើម្បីគណនាផលប៉ះពាល់នៃការកើនឡើងនៃកម្រិតភាគល្អិតក្នុងអាកាសលើជីវិតសង្ឈឹមរស់។
របាយការណ៍បញ្ជាក់ថា ឥណ្ឌារួមចំណែកនៃកំណើនការបំពុលចំនួន ៥៩ ភាគរយរបស់ពិភពលោកចាប់តាំងពីឆ្នាំ២០១៣ ខណៈខ្យល់បំពុលដែលបន្ថយអាយុសង្ឃឹមរស់ ក៏គំរាមកំហែងក្នុងតំបន់មួយចំនួនរបស់ឥណ្ឌាដែលមានការបំពុលកាន់តែច្រើន។ នៅទីក្រុងញូវដេលី ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល និងជាទីក្រុងរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក អាយុសង្ឃឹមរស់ធ្លាក់ចុះជាង១០ឆ្នាំ។
របាយការណ៍បន្តទៀតថា ការកាត់បន្ថយជាសកលលើកម្រិតភាគល្អិតក្នុងខ្យល់ ដែលបំផ្លាញសួត ឬ PM ២.៥ ឱ្យនៅត្រឹមកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) អាចបង្កើនអាយុសង្ឃឹមរស់ជាមធ្យមត្រឹម ២,៣ ឆ្នាំ ឬស្មើនឹង ១៧,៨ ប៊ីលានឆ្នាំនៃជីវិតមនុស្សសកលជារួម។
ជាមួយគ្នានោះ របាយការណ៍គូសបញ្ជាក់ថា ប្រជាជនប៉ាគីស្ថាននឹងកើនអាយុសង្ឃឹមរស់ជាមធ្យម ៣,៩ ឆ្នាំ ប្រសិនបើបំពេញតាមគោលការណ៍ណែនាំរបស់ WHO លើការកំណត់កំហាប់ PM ២.៥ ប្រចាំឆ្នាំជាមធ្យមដល់ ៥ មីក្រូក្រាម/ម៉ែត្រគូប៕ ប្រែសម្រួល៖ ហួន ឌីណា