កម្ពុជា-អូស្រ្តាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់រួមគ្នាស្តីពី «បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់»
ភ្នំពេញ៖ ក្រសួងសាធាណការ និងដឹកជញ្ជូន និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់» រួមគ្នា ដើម្បីមើលឡើងវិញនូវការងារដែលបានអនុវត្តកន្លងមក និងចែករំលែកបទពិសោធន៍ ក្នុងការរចនា (ឌីហ្សាញ) និងការសាងសង់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី២៩ខែសីហាថា «បទដ្ឋានឌីហ្សាញកម្រាលផ្លូវ» ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និង មន្ត្រីបច្ចេកទេសពាក់ព័ន្ធកម្មវិធី P4I និងសិក្ខាកាមជាច្រើនរូប ដែលរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កា ជាមួយការផ្តល់ធាតុចូលពីក្រុមការងារ P4I និងAustRoads។
សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។
យោងតាមក្រសួងដដែលនេះ លោក Justin Whyatt បានលើកឡើងថា ជាមួយនឹងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ភាគីអូស្ត្រាលីនៅតែមានគោលជំហរបន្តកិច្ចសហប្រត្តិបត្តិការល្អៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត ដោយផ្តោតសំខាន់លើការបន្តអភិវឌ្ឍលើការងារគ្រប់គ្រងទឹកកខ្វក់ វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ (ColdChain)។
លោកបានថ្លែងថា ៖ «ដោយមើលឃើញពីសក្តានុពលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ជាមួយនឹងកម្មវិធីនយោបាយ គោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។
ដោយឡែកឯកឧត្តម ប៉េង ពោធិ៍នា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោក ឯកអគ្គរដ្ឋទូត សម្រាប់ជំនួយគាំទ្រតាំងពីដើមរៀងមក ជាពិសេសជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង AustRoads។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថាតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នឹងនាំមកនូវការអភិវឌ្ឍក្នុងវិស័យនេះ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
នាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់កម្ពុជាផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ