រញ្ជួយដី៧រ៉ិចទ័រវាយប្រហារនៅក្នុងសមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី
ហ្សាការតា៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC)បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័រ បានវាយប្រហារនៅសមុទ្រភាគខាងជើងនៃកោះបាលី និងកោះ ឡំមប៊ុក(Lombok) ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃអង្គារ ដែលធ្វើឱ្យប្រជាជននាំគ្នាស្រវ៉េស្រវ៉ារត់ចេញរកកន្លែងសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
EMSC បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ ២០៣ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Mataram ប្រទេសឥណ្ឌូនេស៊ី និងស្ថិតនៅជម្រៅ ៥១៦ គីឡូម៉ែត្រខាងក្រោយផ្ទៃផែនដី។
ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក បានកំណត់ការរញ្ជួយនៅកម្រិត ៧.១ រ៉ិចទ័រ ប៉ុន្តែថា វាមិនមានការគំរាមកំហែងឱ្យមានរលកយក្សស៊ូណាមិឡើយ។
ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា ការរញ្ជួយកើតឡើងនៅមុនម៉ោង៤ទៀបភ្លឺ និងនៅទូទាំងតំបន់ឆ្នេរនៃកោះបាលី និងកោះ Lombok មុនការរញ្ជួយ២ផ្សេងទៀតបានកើតឡើងក្នុងកម្រិត ៦.១ និង ៦.៥ រ៉ិចទ័របន្តបន្ទាប់គ្នា។
បើតាមការសេចក្ដីរាយការណ៍ផ្សេងៗ ការរញ្ជួយដដែលបានធ្វើឱ្យប្រជាជនទាំងអ្នកស្រុក និងអ្នកទេសចរជាច្រើន ប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងសណ្ឋាគាររបស់ខ្លួន ឆ្ពោះទៅកាន់ទីទួលខ្ពស់ បន្ទាប់ពីមានការរាយការណ៍ពីរលកទឹកសមុទ្រខ្លាំងក្លា។
ស្ថានការណ៍បានវិលមកសភាពដើមវិញ បន្ទាប់ពីពួកគេទទួលសារជាអក្សរថា ការរញ្ជួយដីមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ។
គួរបញ្ជាក់ថា ដូចនឹងហ្វីលីពីនដែរការរញ្ជួយដីបានកើតមានជាញឹកញាប់ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារប្រទេសស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងរបស់ផែនដី៕ ប្រែសម្រួល៖ ហួន ឌីណា