រដ្ឋមន្រ្តីសុខាភិបាលទើបទទួលតំណែង ប្តេជ្ញាពង្រឹងសេវាសុខភាពសារធារណៈរបស់រដ្ឋ និងឯកជនបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលទើបចូលកាន់តំណែងក្នុងអាណត្ដិទី៧ បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹងសេវាសុខភាពសារធារណៈរបស់រដ្ឋ និងឯកជនបន្ថែមទៀត សំដៅលើកកម្ពស់សុខភាពប្រជាជន ពិសេសដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងដូច្នេះក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប កាលថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះឯកឧត្តម ឈាង រ៉ា បានបញ្ជាក់ថា បើទោះជាវិស័យសុខាភិបាលកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយមានការរីកចំរើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្រាប់ជាយុទ្ធសាស្រ្តថ្មី លោកនឹងខិតខំកែលម្អ ផ្តល់សេវាមូលដ្ឋានសាធារណៈឱ្យដល់ប្រជាពលរដ្ឋ ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលផ្តោតលើកសុខុមាលភាពប្រជាជន ទាំងការផ្តល់សេវា និងគាំពារសង្គម តាមរយៈការពង្រឹងសេវាសុខភាពសារធារណៈរបស់រដ្ឋ និងឯកជនជាដើម។

ឯកឧត្តមបានបន្តថា ៖ «ដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ក្រសួងនឹងខំកែលម្អបន្ថែម លើសេវាសាធារណៈឱ្យបានប្រសើរ។ ទន្ទឹមគ្នានោះយើងក៏ខិតខំកែលម្អធ្វើនិយ័តកម្មសេវាឯកជន ធ្វើម៉េចឱ្យក្លាយជាដៃគូរសេវាសាធារណៈរបស់រដ្ឋនៅក្នុងដំណើរការអភិវឌ្ឍន៍ ហើយវិស័យសុខាភិបាលយើងនេះ យើងក៏នឹងធ្វើនិយ័តកម្មសេវាទៅលើបងប្អូនដែលបំពេញសេវាសាធារណៈទាំងរដ្ឋ និងឯកជនឱ្យបានប្រសើរក្នុងភាពត្រឹមត្រូវផងដែរ»។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានអះអាងថា ក្រសួងក៏នឹងខិតខំលើកកម្ពស់សេវាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែទូលាយ លើកកម្ពស់សេវាសុខភាពប្រជាពលរដ្ឋឱ្យកាន់តែគៀក ខណៈក្រសួងក៏ខំលើកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សំដី សំដៅ របស់គ្រូពេទ្យកម្ពុជាឱ្យកាន់តែល្អ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត នៅថ្ងៃទី ២៩ ខែសីហា បានថ្លែងថា ក្នុងនាមជាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស លោកគាំទ្រចំពោះការជំរុញឱ្យគ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន គោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ពិសេសកែលម្អរបន្ថែម លើសេវាសាធារណៈទាំងរដ្ឋ និងឯកជនបន្ថែមទៀត។

លោកបានប្រាប់ថា ៖ «បើយើងពិនិត្យលើវិស័យសុខាភិបាល ឃើញថា ជំនាញសមត្ថភាពរបស់គ្រូពេទ្យយើង គឺមិនអន់ជាងគេប៉ុន្មានទេ តែបើយើងពិនិត្យមើលទៅលើក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈពាក្យសម្តីលើកទឹកចិត្តដល់អ្នកជំងឺ គឺនៅមានកម្រិត និងនៅមានចំណុចខ្វះខាតច្រើននៅឡើយ»។

លោកបន្តថា ៖ «ខ្ញុំក៏សូមឱ្យខំពង្រឹង និងពង្រីកគុណភាពព្យាបាលឱ្យកាន់តែល្អ ពង្រឹងឧបករណ៍ពិនិត្យឱ្យមានស្តងដារ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈទាំងពាក្យសម្ដី ការថែទាំ និងការពិនិត្យព្យាបាលឱ្យបានល្អបន្ថែមទៀត»។

តាមរយៈដំណើរចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប រដ្ឋមន្រ្តីសុខាភិបាលថ្មីរូបនេះ ក្រៅពីប្តេជ្ញាអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងហើយនោះ លោកក៏បានណែនាំឱ្យមន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វើការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍ជាតិរួមជាធំ ព្រមទាំងត្រូវគោរពឋានានុក្រមការងារ ហើយពួតដៃគ្នាដើម្បីបម្រើប្រជាពលរដ្ឋ៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner