អាជ្ញាធរខេត្តកណ្ដាល បានបើកវេទិកាផ្សព្វផ្សាយច្បាប់ពីការបង្ក្រាបអំពើជួញដូរមនុស្ស ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
កណ្ដាល៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ជូនដល់ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពទាំងអស់។
រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរយៈរដ្ឋបាលខេត្តលោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានបញ្ជាក់ថា គោលបំណងនៃការបើកវេទិកានេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។
លោកស្រីបានលើកឡើងថា ៖ «អភិបាលខេត្តកណ្តាល បានជំរុញ និងពង្រឹងការអនុវត្តការងារដល់គណៈ កម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរក្រសួង មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលាចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព»។
ជុំវិញរឿងនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ថា ជារួម រូបភាពនៃការរៀបចំផ្សព្វផ្សាយច្បាប់ ទាក់ទងនឹងអំពើជួញដូរមនុស្សនេះ គឺវាជារឿងល្អហើយ ដែលរាជរដ្ឋាភិបាលគួរតែរៀបចំផ្សព្វផ្សាយច្បាប់ទាំងអស់នេះ ឱ្យកាន់ទូលំទូលាយ៕ ដោយ៖ ជា សុខនី