អាមេរិក​​ចោទ​​រុស្ស៊ី​​ពី​​បទ​ធ្វើ​ការ​​​បំភិត​បំភ័យ​ ​បន្ទាប់​ពី​​អតីត​​បុគ្គលិក​​ស្ថាន​កុងស៊ុល​​រ​ង​​ការ​ចោទ​ប្រកាន់​​​ពី​បទ​​ចារកម្ម​

អាមេរិក៖ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចោទ​ប្រកាន់​ទីក្រុង​មូស្គូ​ពី​បទ​​ប៉ុន​ប៉ង​ធ្វើ​ការ​បំភិត​បំភ័យ​ និង​បៀត​បៀន​បុគ្គលិក​អាមេរិក​ បន្ទាប់​ពី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​​រាយការណ៍​ថា​ អតីត​បុគ្គលិក​ស្ថាន​កុងស៊ុល​អាមេរិក​ម្នាក់​រង​ការ​​ចោទ​ប្រកាន់​ពី​​សេវា​សន្តិសុខ​រុស្ស៊ី​ ពី​បទ​ប្រមូល​ព័ត៌មាន​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​បញ្ហា​ផ្សេង​ទៀ​ត​ឱ្យ​​​​ក្រុង​វ៉ាស៊ីនតោន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ តាស(TASS) ​បាន​ដក​ស្រង់​សម្ដី​​សេវា​សន្តិសុខសហព័ន្ធ​​រុស្ស៊ី​ (FSB) ​ដែល​និយា​យ​ថា​ លោក ​Robert Shonov ​ជា​ជន​ជាតិ​រុស្ស៊ី​ បាន​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​បុគ្គលិក​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​មូស្គូ ​អំពី​របៀប​ដែល​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​ កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​មិន​សប្បាយ​ចិត្ត​ខាង​ន​យោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​​រុស្ស៊ី​​ឆ្នាំ​ ២០២៤​។ ​

​​​FSB ​បាន​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​សាក​សួរ​បុគ្គលិក​ស្ថានទូត​អាមេរិក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​លោក​ Shonov ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​តាំង​ពី​ខែ​​​ឧសភា​។​

ជុំ​វិញ​បញ្ហា​​ចុង​ក្រោយ​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​​ លោក​ Matthew Miller ​បាន​លើក​ឡើង​ម្តង​ទៀត​នូវ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ថា​ ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ Shonov ​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាំង​ស្រុង​។

​លោក​ Miller ​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា ​​៖ «​ការ​កំណត់​គោលដៅ​របស់​រុស្ស៊ី​លើ ​លោក​​ Shonov ​ក្រោម​លក្ខន្តិកៈ​ «​កិច្ចសហប្រតិបត្តិការ​សម្ងាត់​»​ គ្រាន់​តែ​បង្ហាញ​ពី​សកម្មភាព​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ដែល​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ធ្វើ​ប្រឆាំង​នឹង​ពលរដ្ឋ​របស់​ខ្លួន​តែ​ប៉ុណ្ណេះ​»។

គួរ​​​បញ្ជាក់​ថា​ លោក​ Shonov ​បម្រើ​ការ​ឱ្យ​​អគ្គ​កុង​ស៊ុល​អាមេរិក​នៅ​ទីក្រុង​​​ចុង​បូព៌ា​របស់​រុស្ស៊ី​ វ្ល៉ាឌីវ៉ូស្តុក​ អស់​រយៈ​ពេល​ ២៥ ឆ្នាំ​ រហូត​មក​ដល់​ឆ្នាំ​ ២០២១ នៅ​ពេល​ដែល​រុស្ស៊ី​​​បញ្ឈប់​​បុគ្គលិក​​ក្នុង​ស្រុកពី​ការ​​បម្រើ​ការ​ឱ្យ​​​បេសកកម្ម​ការ​ទូត​​អាមេរិក​។​

ក្រៅ​ពី​នេះ​ ​លោក​ Miller បន្ថែម​ថា​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ដឹង​ថា​ FSB ​ក៏​បាន​កោះ​ហៅ​អ្នក​ការ​ទូត​​២​នាក់​ ដែល​ធ្វើ​ការ​នៅ​ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​មូស្គូ ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​​ ​និយាយ​ថា​​៖ «​យើង​ប្រឆាំង​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ប៉ុន​ប៉ង​របស់​សេវា​សន្តិសុខ​រុស្ស៊ី​ ​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​​រុស្ស៊ី​ ក្នុង​ការ​​បំភិត​បំភ័យ​ និង​បៀត​បៀន​បុគ្គលិក​របស់​យើង​»​។

យ៉ាង​ណា​មិញ​ ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​​ចំពោះ​ការណ៍​នេះ​ទេ​៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner