អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ត្រូវបានតុលាការព្យួរទោសជាប់ពន្ធនាគារ

អ៊ីស្លាម៉ាបាត៖ តុលាការជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថានបានសម្រេចព្យួរទោសអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវជាប់ពន្ធនាគារក្នុងសំណុំរឿងអំពើពុករលួយ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ រូបលោកនឹងត្រូវដោះលែងភ្លាមៗឬក៏យ៉ាងណា។

អ្នកនាំពាក្យគណបក្សនយោបាយរបស់លោក ខាន់ បាននិយាយ នាថ្ងៃអង្គារ សប្តាហ៍នេះថា តុលាការជាន់ខ្ពស់នៃទីក្រុងអ៉ីស្លាម៉ាបាដ បានលុបចោលការសម្រេចចិត្តរបស់តុលាការជាន់ទាប ដែលនៅក្នុងខែសីហានេះ បានផ្តន្ទាទោសដាក់ពន្ធនាគារលោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន សម្រាប់រយៈពេល៣ឆ្នាំ។ ការសម្រេចនោះ ក៏រារាំងរូបលោកមិនឱ្យអាចចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតសកល នាពេលខាងមុខផងដែរ។

ក្រុមមេធាវីរបស់លោក បាននិយាយថា លោក ខាន់ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែទោះជាបែបនេះក្តី ពួកគេបារម្ភថា រូបលោកអាចនឹងត្រូវអាជ្ញាធរចាប់ខ្លួនសាជាថ្មី ពាក់ព័ន្ធនឹងករណីមួយផ្សេងទៀត ក្នុងចំណោមសំណុំរឿងសរុបដល់ទៅជាង២០០ ដែលត្រូវបានដាក់ប្រឆាំងមកលើរូបលោក គិតចាប់តាំងតែពីលោកត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីអំណាច កាលពីខែមេសា ឆ្នាំ២០២២។

មេធាវី ហ្គូហា ខាន់ (Gohar Khan) បានប្រាប់ AFP ថា «លោក ខាន់ ត្រូវបានចាប់ខ្លួន មុនការសម្រេចរបស់តុលាការថ្ងៃនេះ។ កាលបរិច្ឆេទពិតប្រាកដនៃការចាប់ខ្លួនគាត់ នៅតែមិនច្បាស់លាស់»។

មេធាវីម្នាក់ទៀតគឺលោក ម៉ូហាម៉េត សៅអ៊ីប ហ្សាស៊ីន (Muhammad Shoaib Shaheen) បាននិយាយថា «ក្រុមច្បាប់របស់គាត់ ត្រូវបានលាក់ព័ត៌មាន ដោយចេតនា»។ លោកបានថ្លែងថា៖ «នេះជាឧបាយកលនៃយុត្តិធម៌៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner