ហេតុផលនៃការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច”

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព។

របៀបវារៈសំខាន់នៃសម័យប្រជុំដំបូងពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងបានពិភាក្សានិងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះ៖១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»,២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច» និង ៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”ជាដើម។
ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺ ការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” បានក្លាយជារបៀបវារៈចម្បងនៃសម័យប្រជុំ ហើយក៏ទំនងនឹងក្លាយជាសេចក្ដីព្រាងច្បាប់ដំបូងដាក់ជូនទៅរដ្ឋសភានីតិកាលទី៧ ដើម្បីសុំការពិភាក្សានិងអនុម័តផងដែរ។សេចក្តីព្រាងច្បាប់នេះ ចាត់ទុកជាការប្រញាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូងនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានមានប្រសាសន៍ប្រាប់ AMS ថា សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង បានសម្រេចរួចហើយលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច» ហើយអ្វីជាការងារបន្តគឺរៀបចំតាមនីតិវិធីដើម្បីដាក់ជូនទៅរដ្ឋសភាជាការប្រញាប់ តាមការណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់អំពីហេតុផលសំខាន់នៃការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា”ក្រសួងអធិការកិច្ច” ។លោកបានរំលេចឱ្យឃើញថា អស់រយៈពេលជិត២០ឆ្នាំ យើងអាចវាយតម្លៃបានថាវិស័យអធិការកិច្ច ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងពិតជាមានសារសំខាន់ដែលមិនអាចខ្វះបាន រាជរដ្ឋាភិបាលចង់ឱ្យគ្រប់ក្រសួង ស្ថាប័ន តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវតែធ្វើអធិការកិច្ចឱ្យបានល្អ ដើម្បីធ្វើជាភ្នែក ជាត្រចៀករបស់ខ្លួន សម្លឹងឱ្យឆ្ងាយ ស្តាប់ឱ្យច្បាស់ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ លើកជាគម្រូសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយចំពោះកន្លែងណាដែលអនុវត្តបានល្អ ហើយចេះស្វែងយល់ពីមូលហេតុនៃការលំបាក និងកំហុសឆ្គង ហើយជួយកែលម្អ និងតម្រង់ទិសចំពោះកន្លែងណាដែលអនុវត្តខុសឆ្គង ឬមិនស័ក្តិសម។

ឯកឧត្តមបន្តថា ការប្តូរឈ្មោះក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដើម្បីគាំទ្រលើមូលដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ចនានា ដោយប្រកាន់ខ្ជាប់អភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច់ ថ្វីត្បិតការប្តូរឈ្មោះក្រសួងនេះនៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែកិច្ចការនេះយើងបានសិក្សាយ៉ាងល្អិតល្អន់ ជាមួយថ្នាក់ដឹកនាំក្រសួងអំពីភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភាជូនស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៦៦១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអ្នកច្បាប់។
លោកបានបញ្ជាក់បន្ថែមថា ការប្តូរឈ្មោះក្រសួងទៅជា “ក្រសួងអធិការកិច្ច” គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកសង្គមដែលមានការទទួលខុសត្រូវ ក្នុងការធានានូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ ជាការពិត! ក្រសួងអធិការកិច្ច ពុំមែនទើបតែមានឈ្មោះនៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះទេ។

ក្រសួងអធិការកិច្ចបានមានប្រវត្តិកើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ក្នុងសម័យសង្គមរាស្រ្តនិយម ឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ វិស័យអធិការកិច្ចបានបង្កើត គណៈកម្មាធិការជាតិនៃការបោសសម្អាតទូទៅ។ គណៈកម្មាធិការជាតិនេះ មានបេសកកម្មពិនិត្យនូវសំណុំរឿងមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ភ្នាក់ងាររបស់អង្គការ សហគ្រាសសាធារណៈដែលជាកម្មវត្ថុនៃការបោសសម្អាត និងដាក់ទណ្ឌកម្ម។ ក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងសម័យកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គេពុំឃើញមានឯកសារណាមួយបញ្ជាក់ពីគោលនយោបាយនៃវិស័យអធិការកិច្ចនោះទេ។ បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ១៩៧៩ កម្ពុជាបានរៀបចំរចនាសម្ព័ន្ធចាត់តាំងនយោបាយឡើងវិញ និងចាប់ផ្តើមកសាងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអធិការកិច្ច មានឈ្មោះថា ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ដែលបង្កើតឡើងនៅឆ្នាំ១៩៨១ ហើយនៅឆ្នាំ១៩៨៧ បានប្តូរឈ្មោះទៅជា ក្រសួងត្រួតពិនិត្យវិញ។
ក្នុងនីតិកាលទី១នៃរដ្ឋសភា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ស្ថាប័នអធិការកិច្ចត្រូវបានរាជរដ្ឋាភិបាលកែសម្រួលមកជា អគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាលជំនួសឱ្យក្រសួងត្រួតពិនិត្យវិញ។

នៅឆ្នាំ១៩៩៩រាជរដ្ឋាភិបាលបានបញ្ជូលស្ថាប័នពីរគឺអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភាបង្កើតជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រហូតមកដល់បច្ចុប្បន្នមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្ម ឱ្យដឹកនាំនិងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួលធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វិស័យអធិការកិច្ច ក្រសួងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដោយបានចុះធ្វើអធិការកិច្ចលើគ្រប់វិស័យនិងដោះស្រាយបណ្តឹងក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលសំដៅ បង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ។ ទន្ទឹមនឹងនោះ ក្រសួងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ នឹងឈានទៅលុបបំបាត់អំពើពុករលួយ ដែលជាកត្តាបំផ្លិចបំផ្លាញការអនុវត្តគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។

ចំណែកវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមានភារកិច្ចត្រឹមតែចូលរួមស្តាប់សម័យប្រជុំពេញអង្គនានារបស់រដ្ឋសភាព្រឹទ្ធសភា។ ចំណែកភារកិច្ចផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលកែសម្រួលប្រគល់ជូនស្ថាប័ននានាតាមភាពចាំបាច់ ដើម្បីប្រមូលផ្តុំភារកិច្ចតាមវិស័យនីមួយៗរបស់ស្ថាប័នឱ្យមានភាពរលូន ប្រទាក់ក្រឡា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។

យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបង្ហាញពីភាពសមស្របនឹងបច្ចុប្បន្នភាពថា ការប្តូរឈ្មោះក្រសួងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺបន្តការកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធន មនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម និងស្របតាមស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវជំនឿថា បន្ទាប់ពីរដ្ឋសភាអនុម័តលើច្បាប់បង្កើតក្រសួងអធិការកិច្ច ស្ថាប័ននេះនឹងមានតួនាទីយ៉ាងសំខាន់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានាដល់ការលើកកម្ពស់អភិបាលកិច្ចគ្រប់ស្ថាប័ន គ្រប់ថ្នាក់ ពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ពង្រឹងភាពស្អាតស្អំ ក្រមសីលធម៌ ពង្រឹងយន្តការវិន័យការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាពនិងការជឿទុកចិត្តព្រមទាំងចូលរួមដោះស្រាយវិវាទដែលអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ពលជ័យ

ads banner