សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីបន្តវេនលើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី ហើយប្រកាសគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការកន្លងមក ដោយគ្មានមូលហេតុទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន ឱ្យមានការប្រុងប្រយ័ត្ន លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រី ក្នុងអាណត្តិថ្មី ។ សម្ដេចប្រកាសគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការកន្លងមកចេញដោយគ្មានមូលហេតុដែរ។ សម្ដេចក៏បានលើកឡើងពីជោគជ័យដោយផ្ដើមចេញពីមនុស្ស ៥នាក់ រហូតដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់ និងបង្កើនថ្មី។ នេះតាមឃ្លីបវីដេអូ និងសំណេររបស់សម្ដេចតេជោ បានបង្ហោះលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើម អាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី បន្ថែមលើបណ្តាំរបស់ខ្ញុំ កាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរៀបចំ»។

សម្ដេចបានបន្តថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។

តាមឃ្លីបវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ធ្វើនយោបាយ បើសិនជាគ្រាន់តែធ្វើ ដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ត្រឹមដោះដូរមនុស្ស គណបក្សនយោបាយមួយនោះ នឹងស្លាប់ ហើយមេដឹកនាំមួយនោះ នឹងស្លាប់ដោយឯកោបំផុត។ ខ្ញុំសូមជម្រាប! ជោគជ័យរបស់ ហ៊ុន សែន ចាប់ផ្ដើមពីមនុស្ស ៥នាក់ ប៉ុន្តែរហូតដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់ និងបង្កើនថ្មី» ។

សម្ដេចបន្តថា យើងត្រូវដឹងថា ជោគជ័យដែលទទួលបានកន្លងទៅ ដែលប្រជាពលរដ្ឋបានបោះឆ្នោតភ្លូកទឹកភ្លូកដីឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោម ២០គណបក្ស។ តើវាបានមកពីការខិតខំរបស់ ហ៊ុន សែន ម្នាក់ឯង ឬបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលទាំងមូល។ ច្បាស់ណាស់ គេមុខតែផ្ដោតសំឡេងភាគច្រើនសំដៅមក ហ៊ុន សែន ហើយ។ ប៉ុន្តែ ហ៊ុន សែន ម្នាក់ឯងអាចអនុវត្តទៅកើតទេ បើរដ្ឋមន្ត្រី និងស្ថាប័ននានា មិនបានអនុវត្តនោះ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងត្រូវមើលឲ្យឃើញអំពីចំណុចដែលថា ប្រសិនបើទទួលបានជោគជ័យ ក្នុងការបោះឆ្នោតហើយ បែរជានាំគ្នាបោះបង់ចោលមន្ត្រីដែលខិតខំប្រយុទ្ធ ដើម្បីយកឈ្នះនោះ តើ ហ៊ុន សែន អគុណធម៌ប៉ុណ្ណាទៅ ។

សម្ដេចបញ្ជាក់ថា ឧទាហរណ៍មួយ និងក្លាយទៅជាឧទាហរណ៍ទី២ បើការប្រកួតមួយដែលយកឈ្នះ ទីចុងបំផុត ត្រូវបានទាត់ចោល ដល់ទៅអាណត្តិក្រោយ តើ ហ៊ុន សែន នឹងប្រើនរណាទៀត។ តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្ត្រឈ្នះសង្គ្រាម។ សម្ដេចថា ខ្ញុំមិនត្រូវការឈ្នះត្រឹមតែសមរភូមិនោះទេ ខ្ញុំត្រូវឈ្នះសង្គ្រាមជារៀងរហូត តាមរយៈនៃមេបញ្ជាការម្នាក់នេះ រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី ហើយអ្នកដែលមកនៅជាមួយ ហ៊ុន សែន គឺមានតិចណាស់ ដែលបានចាកចេញពី ហ៊ុន សែន ត្រឡប់ទៅវិញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner