កម្ពុជា និងជប៉ុន រៀបចំកិច្ចសន្ទនាស្ដីពី សិទ្ធិមនុស្ស លើកទី១២
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុន ស្ដីពី សិទ្ធិមនុស្ស លើកទី១២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរ បានចូលរួមពិភាក្សាស៊ីជម្រៅ លើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ លើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពីនេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ ។
ឯកឧត្តម អាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរ នយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។ ឯកឧត្តម បានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាន នៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គម គ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ ចំពោះសន្តិភាពនិងសន្តិសុខ ពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
ឯកឧត្តម អាន សុខខឿន បានគូសបញ្ជាក់ថាអភិក្រមសិទ្ធិមនុស្ស គួរមានមូលដ្ឋានផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយភាវូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការពឹងផ្អែកលើប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ដោយពិចារណា ទៅលើស្ថានភាពខុសគ្នានៃប្រទេសនីមួយៗ និងជៀសវាង នូវការប្រើប្រាស់ស្តង់ដារពីរ ៕
ដោយ សួង ពិសិដ្ឋ